(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវវ័យ សូមកុំយល់ខុសពីអត្ថន័យ ទិវានៃក្តីស្រលាញ់ ថ្ងៃ១៤ កុម្ភៈ ឬប្រើប្រាស់ថ្ងៃនេះ ដើម្បីប្រព្រឹត្តសកម្មភាពពុំគប្បីដែលប្រាសចាកពីសីលធម៌ វប្បធម៌ និងប្រពៃណីសង្គមខ្មែរ។
តាមរយៈសេចក្ដីអំពាវនាវនេះ ក្រសួងលើកទឹកចិត្តឲ្យពលរដ្ឋទាំងអស់ ពិសេសយុវវ័យ សូមបង្ហាញក្តីស្រលាញ់ សម្រាប់មាតាបិតា ក្រុមគ្រួសារអ្នកគ្រូ លោកគ្រូ មិត្តភ័ក្រ និងគូសង្សា ដោយសេចក្តីថ្លៃថ្នូរ ទទួលខុសត្រូវ និងផ្តល់តម្លៃដល់អ្នកទាំងនោះ ក៏ដូចជាការផ្តល់តម្លៃដល់ខ្លួនឯង។
ក្រសួងបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ និងអរិយធម៌ខ្ពង់ខ្ពស់ ដែលសកលលោកទទួលស្គាល់ និងផ្តល់តម្លៃ ដូច្នេះសូមប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវវ័យចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ អរិយធម៌ដ៏ផូផង់នេះប្រកបដោយមោទនភាព ហើយសូមកុំប្រព្រឹត្តអ្វីដែលអាចធ្វើឲ្យយើងសោកស្តាយមួយជីវិត៕