(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់ដែលជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីអ្នកបើកកងបី Passapp ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចាប់ខ្លួនបានភ្លាមៗក្រោយធ្វើសកម្មភាពបានប៉ុន្មានម៉ោងប៉ុណ្ណោះ។ ហេតុការណ៍នេះ នៅវេលាទាបភ្លឺ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី៤ ភូមិក សង្កាតច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា មុនបើកការស៉ើបអង្កេត ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងតាមពាក្យបណ្ដឹងជនរងគ្រោះម្នាក់ឈ្មោះ ស្មាស់ ប៉ូពីន អាយុ៥៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបររត់ម៉ូតូកង់បី (PASSAPP) មានទីលំនៅផ្ទះលេខ៧៨៦ ផ្លូវជាតលេខ០៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដោយឡែកជនសង្ស័យដែលឃាត់ខ្លួនទី១៖ឈ្មោះ ប៉ែន សារ៉ែត អាយុ២០ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ក្នុងក្រុម៨ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ, ទី២៖ឈ្មោះ ម៉ីន ហូសាន់ អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ក្នុងភូមិបិងឈូក សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងទី៣៖ឈ្មោះ ឯល រ៉ាវី អាយុ២៥ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ក្នុងក្រុម២ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
បើតាមជនរងគ្រោះជាអ្នករត់ម៉ូតូកង់បី (PASSAPP) បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុម៉ោងប្រហែលជាង៣យប់ទាបភ្លឺ ជនសង្ស័យទាំង៣នាក់ ស្ថិតនៅខាងមុខផ្សារច្រាំងចំរេះ ក្នុងក្រុមទី១ ភូមិខ.២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ បានដើរមកហៅ (PASSAPP) ឲ្យឈប់ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទ ម៉ាក OPPO ពណ៌ខ្មៅ១គ្រឿង ហើយរត់គេចខ្លួនបាត់ភ្លាមៗតែម្ដង។
លោកវរសេនីយ៍ទោ គល់ យី បានបន្ថែមទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ សាកសួរប៉ុន្មានម៉ោងក្រោយ ពួកគេបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះជាអ្នករត់ម៉ូតូកង់បី (PASSAPP) ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕