(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រគល់ថវិកាចំនួន ៤,៣៣០,០០០រៀល និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់មូលនិធិ នៃក្តីស្រឡាញ់ ក្រោមប្រធានបទ «រួមគ្នាដើម្បីកំពង់ស្ពឺ» ជូនលោក សរ សុពុត្រា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពុងស្ពឺ។
ក្នុងឱកាសនោះលោក សរ សុពុត្រា បានលើកឡើងថា «យើងជាកងកម្លាំង បានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ទាំងកម្លាំងកាយ កម្លាំងចិត្ត ពិសេសជាងនេះទៀត បានបម្រើដល់កិច្ចការមនុស្សធម៌ ដ៏ប្រសើរក្នុងសកម្មភាពមនុស្សធម៌ ចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៏ ស្របតាមស្មារតី និងឧត្តមគតិរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)»។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន ថ្លែងថា ស្របតាមការអំពាវនាវរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីឲ្យឧបត្ថម្ភដល់មូលនិធិនៃក្តីស្រឡាញ់ ក្រោមប្រធានបទ «រួមគ្នាដើម្បី កំពង់ស្ពឺ» អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថ បានអំពាវនាវទៅតាមលទ្ធភាពជាក់ស្តែង ដើម្បីរួមចំណែកក្នុងកិច្ចការមនុស្សធម៌ និងលើកស្ទួយឧត្តមប្រយោជន៍ ជាមូលដ្ឋានរួមជួយគ្នា ក្នុងគ្រាដែលមានការខ្វះខាត និងជួបគ្រោះថ្នាក់ និងគ្រោះធម្មជាតិជាយថាហេតុផងដែរ៕