(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេក្ដីណែនាំមួយ ជំរុញឲ្យមានការអប់រំ ផ្សព្វផ្សាយ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់មន្ត្រីរាជការ និយោជិត អគ្គនាយកដ្ឋាន សហគ្រាសសាធារណៈ មន្ទីរ អង្គភាពនានា ក្រោមចំណុះក្រសួងនេះ។ នេះបើតាមសេចក្ដីណែនាំ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
ការចេញសេចក្ដីណែនាំរបស់ក្រសួងសាធារណការ គឺដោយផ្អែកលើស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែបន្តកើតឡើង បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ពិការ ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ជារៀងរាល់ថ្ងៃគួរឲ្យព្រួយបារម្ភ។
ក្រសួងសូមធ្វើការណែនាំដល់គ្រប់ អគ្គនាយកដ្ឋាន សហគ្រាសសាធារណៈ មន្ទីរ អង្គភាព ដូចខាងក្រោម៖
* រៀបចំកម្មវិធីដាច់ដោយឡែក ដើម្បីអប់រំ ផ្សព្វផ្សាយ អំពីខ្លឹមសារច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋានពាក់ព័ន្ធយ៉ាងតិច មួយត្រីមាសម្តង ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្ន ធានាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍។
* ត្រូវធ្វើរបាយការណ៍ អំពីសកម្មភាពអប់រំ ផ្សព្វផ្សាយ ឬបញ្ចូលក្នុងរបាយការណ៍ការងារប្រចាំខែ របស់អង្គភាពឲ្យបានទៀងទាត់ ផ្ញើមកគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈអគ្គលេខាធិការដ្ឋាននៃគ.ស.ច.គ ដែលមានទីតាំងនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
* ត្រួតពិនិត្យ និងជំរុញការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់មន្ត្រីរាជការ និយោជិត អគ្គនាយកដ្ឋាន សហគ្រាសសាធារណៈ មន្ទីរ អង្គភាព ក្រោមឱវាទក្រសួងឲ្យបានម៉ឺងម៉ាត់។
* បង្កើតកម្មវិធីប្រឡងប្រណាំងលើកទឹកចិត្ត ចំពោះមន្ត្រីរាជការ និយោជិត ដែលអនុវត្តបានល្អតាមបទបញ្ជាផ្ទៃក្នុង៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសាធារណការ៖