(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាថ្មីថា ខ្លួននឹងនៅតែរក្សាជំហរដ៏ម៉ឺងម៉ាត់ ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយខ្លួនឯង ទោះបីជាសហភាពអឺរ៉ុប ចាប់ផ្តើមនៃដំណើរការ ព្យួរជាបណ្តោះអាសន្ននូវការអនុគ្រោះពន្ធទៅកាន់ទីផ្សារអឺរ៉ុប អ្វីៗទាំងអស់លើកលែងតែសព្វាវុធ (EBA) ក៏ដោយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវការគោរពប្តូរផ្តាច់នូវឆន្ទៈមហាជនភាគច្រើនលើសលប់របស់ប្រជាពលរដ្ឋខ្មែរ ដែលបានបង្ហាញនូវការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោយខ្លួនឯង តាមរយៈការបោះឆ្នោតជាសាកលនៅខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ (៨៣.០២% អ្នកចេញទៅបោះឆ្នោត)។ នេះជាសក្ខីភាពនៃការសម្រេចចិត្តដ៏ត្រឹមត្រូវ ឆ្លើយតបចំពោះភាពឯករាជ្យ និងម្ចាស់ការរបស់ប្រជាជាតិអធិបតេយ្យមួយ»

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការ រវាងសហគមន៍អឺរ៉ុប និងកម្ពុជា អស់រយៈពេល២ទសវត្សកន្លងមក ប្រកបដោយផលវិជ្ជមាន ក៏ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏សម្តែងនូវការខកចិត្ត និងសោកស្តាយបំផុតចំពោះការចាប់ផ្តើមនៃដំណើរការព្យួរ EBA ផងដែរ។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា៖ «យើងជឿជាក់ថា ការសម្រេចចិត្តនេះ គឺមានទិដ្ឋភាពនៃហេតុផលនយោបាយនៅពីក្រោយ ដែលចាប់បង្ខំឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងសមរភូមិ នៃភូមិសាស្ត្រនយោបាយ។ កម្ពុជា ការពារខ្លួនជាដាច់ខាតក្នុងជម្រើសជាតួអង្គ បម្រើភូមិសាស្ត្រនយោបាយនេះ ទោះបីជាស្ថិតនៅក្នុងសម្ភាធជាយថាហេតុ នៃរូបភាពណាមួយក៏ដោយ»

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល មានមោទនភាព នៃការពិសោធជាប្រវត្តិសាស្ត្រ ដែលជាមរតកប្រកបដោយតម្លៃខ្ពស់របស់ប្រជាជាតិកម្ពុជា បានឆ្លងកាត់ការលំបាក និងឧបសគ្គដ៏ធំធេង ចាប់តាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ននេះ ក្រោមមគ្គទេសភាពដ៏ទន់ភ្លន់ និងម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន គឺកម្ពុជាទទួលបានលទ្ធផលវិជ្ជមានជាទីគាប់ចិត្ត ស្តែងចេញពីមូលដ្ឋានគ្រឹះនៃសាមគ្គីភាព ឯកភាព និងសន្តិភាព ក្នុងទិសដៅឯករាជ្យ និងម្ចាស់ការ។

លោកបញ្ជាក់ថា «អាស្រ័យដូចនេះ ដំណើរការនៃបរិបទ EBA គ្រាន់តែស្ថិតនៅក្នុងភាពអន្តរកាលនៃការអភិវឌ្ឍប៉ុណ្ណោះ។ យើងជឿជាក់ថាផលចំណេញប្រកបដោយភាពវិជ្ជមាន និងចីរភាពខ្ពស់ ដែលជាទំព័រប្រវត្តិសាស្ត្រខ្មែរថ្មីមួយទៀត របស់ប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានឱកាសការពារឯករាជ្យ អធិបតេយ្យភាព និងសេរីភាពពិតប្រាកដពីការជ្រៀតជ្រែក និងរំខានពីក្រុមអមិត្តជិតឆ្ងាយ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅណេះ សហភាពអឺរ៉ុប បានចាប់ផ្តើម នូវដំណើរការ ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ នៃទំនិញកម្ពុជាលើទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្ម Everything But Arms (EBA) ។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើប្រទេសទទួលផលមិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអឺរ៉ុប ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ ឬ EBA (Everything But Arms) ជាកិច្ចព្រមព្រៀងដែលសហភាព​អឺរ៉ុប បានផ្តល់​ឲ្យ​កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ផ្សេងទៀត នូវ​ឱកាស​នាំ​គ្រប់​ផលិតផល​ទាំងអស់ (លើកលែងតែ​អាវុធ) ចូលទៅក្នុង​ទីផ្សារ​រួម​តែមួយ​របស់​សហភាព​អឺរ៉ុប ដោយ​មិន​ជាប់​ពន្ធគយ និង​មិន​ជាប់​កូតា៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖