(ភ្នំពេញ)៖ បន្ទាប់ពីសវនការបើកការសួរដេញដោល លើសំណុំរឿងជនឆបោករថយន្ត ពេញមួយព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ដោយមានមេធាវីប្រចាំតុលាការក្រុង ទាំងភាគីដើមបណ្តឹង និងជនត្រូវចោទរួចមកនោះ តុលាការបានសម្រេចលើកយកសំណុំរឿងមូយនេះ ទៅប្រកាសសាលក្រម នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
សំណុំរឿងនេះ មានលោក ស្រី ម៉ាកនី ជាតំណាងអយ្យការហើយលោក សាយ សារ៉ុន ជាចៅក្រមជំនុំជម្រះ។
គួររំលឹកថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ពាក់ព័ន្ធរឿង លួចរថយន្តអ្នកដទៃទៅលក់ក្រោមរូបភាពធ្វើជាអ្នកគក់ជេ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច បុរសជាចោរលូចរថយន្តរូបនោះ មានឈ្មោះ កុយ រដ្ឋា ភេទប្រុស ស្នាក់នៅផ្ទះលេខ ៦៣៥ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្ថែមថា សំណុំរឿងនេះគឺជនសង្ស័យ ខាងលើបានលួចយករថយន្តរបស់ជនរងគ្រោះ ម៉ាក Lexus RX300 មួយគ្រឿង ក្រោមរូបភាពធ្វើជាអ្នកគក់ជេរថយន្ត ដោយខ្លីរថយន្តរបស់ជនរងគ្រោះយកទៅឲ្យម៉ូយមើល ស្រាប់តែយកទៅរហូតតែម្តងមិនត្រឡប់មកវិញ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
សមត្ថកិច្ចបញ្ជាក់ទៀតថា ដើមបណ្តឹង ប្តឹងទាមទារលុយថ្លៃរថយន្តដែលបាត់បង់ចំនួន ១២,០០០ដុល្លារ និងសំណូមពរឲ្យតុលាការដាក់ទោសជនសង្ស័យតាមច្បាប់៕