(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានក្រសួងព័ត៌មាន ព្រាងរួចរាល់ជាស្ថាពរហើយ ដែលមាន០៩ ជំពូក និង៣៨មាត្រា និងត្រូវបានតាក់តែងឡើងក្នុងគោលបំណងធានាឲ្យសាធារណជន គ្រប់រូបនូវសិទ្ធិ និងសេរីភាពក្នុងការទទួលព័ត៌មាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

លិខិតរបស់ក្រសួងព័ត៌មាន គឺបានឆ្លើយតបនឹង បណ្តាអង្គការសង្គមស៊ីវិល ទាំង១៩ស្ថាប័ន ដែលបានរួមគ្នាសរសេរលិខិតមកក្រសួងព័ត៌មាន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយសម្តែងពីការគាំទ្រក្រសួងព័ត៌មាន លើការងារដឹកនាំដំណើរការពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០១៩-២០២៣)។

សេចក្តីជូនដំណឹងរបស់ក្រសួងនេះ បានឱ្យដឹងថា ក្រសួងព័ត៌មានបានបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ទៅក្នុងគម្រោងកម្មវិធីនៃតម្រូវការសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២៣) រួចរាល់ហើយ ហើយក្នុងនោះផងដែរ ក៏មានសេចក្តីព្រាងច្បាប់ស្តីពីសោតទស្សន៍ ការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានបន្តទៀតថា ក្នុងនាមក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាល មានឆន្ទៈពន្លឿន និងជំរុញការងារពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ជាមួយបណ្តាក្រសួង-ស្ថាប័ន ពាក់ព័ន្ធដទៃទៀត ហើយជឿជាក់ថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖