(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ដែលជាគ្រឹះស្ថានឈានមុខគេមួយនៅកម្ពុជា បានរៀបចំព្រឹត្តឹការទាត់បាល់ពិសេសជាលើកទី៦របស់ខ្លួន ដើម្បីស្វែងរកក្រុមជើងឯកគ្រងពាន «Leader+»។ ក្រៅពីការស្វែងរកក្រុមជើងឯកនោះ អម្រឹត ក៏ចង់ឃើញបុគ្គលិករបស់ខ្លួនមានកម្លាំងរឹងមាំ សុខភាពល្អ ដើម្បីបន្តការងារទៅមុខជូនស្ថាប័ន និងជាតិកម្ពុជាផងដែរ។
ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នាទីលានបាល់ទាត់ វិទ្យាល័យឥន្ទ្រទេវី ដែលមានការចូលរួមពី លោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត រួមនឹងថ្នាក់ដឹកនាំបុគ្គិលជាច្រើនរូប មកពីទីស្នាក់កណ្តាលរបស់អម្រឹតផ្ទាល់។
លោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានបញ្ជាក់ថា ការបង្កើតកម្មវិធីពានរង្វាន់បាល់ទាត់ ពាន «Leader+» នេះឡើង គឺក្នុងគោលបំណងឲ្យបុគ្គលិកទាំងអស់ រឹតចំណងមិត្តភាព ឲ្យកាន់តែល្អប្រសើរ មានសុខភាពល្អ មានសាមគ្គីភាពជាធ្លុងមួយ និងខិតខំប្រឹងប្រែងធ្វើការ ដើម្បីភាពកាន់តែរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ក៏ដើម្បីជួយសង្គមជាតិកម្ពុជាទាំងមូលដែរ។
លោកអគ្គនាយកបន្ថែមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ក៏បានចូលរួមចំណែកមួយក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជា ក្រោមពាក្យស្លោកមួយឃ្លាពោលថា «កីឡានាំមកនូវសុខភាព» ទាំងផ្លូវកាយ និងផ្លូវចិត្ត។
អគ្គនាយករូបនោះបន្តទៀតថា «បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកប្រមាណជាង៤,០០០នាក់ ដែលបានបម្រើអតិថិជន សរុបប្រមាណជាង ៤៥០,០០០នាក់ តាមរយៈការិយាល័យ ប្រតិបត្តិចំនួន១៥៦សាខា ទូទាំងប្រទេសកម្ពុជា ដែលមានប្រាក់បញ្ញើ សរុបប្រមាណជាង ៤៥៤លានដុល្លារសហរដ្ឋអាមេរិក សំពៀតឥណទានសរុបប្រមាណ៧៨៩លានដុល្លារអាមេរិក និងទ្រព្យសកម្មប្រមាណជាង៩៦៩លានដុល្លារសហរដ្ឋអាមេរិក »។
កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ «Leader+» របស់អម្រឹត រដូវកាលទី៦នេះ មានក្រុមចូលរួមប្រកួតចំនួន៦ក្រុម ដែលសុទ្ធតែជាបុគ្គលិកអម្រឹត បម្រើការងារនៅស្នាក់ការកណ្ដាល។ ការប្រកួតដើម្បីស្វែងរកជើងឯក ក្នុងកម្មវិធីនេះបានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃ១៤ ខែមករា រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ មានរយៈពេល១១ខែ និងមានពីរប្រកួតក្នុងមួយសប្ដាហ៍ ពោលគឺនៅរៀងរាល់ពេលរសៀលថ្ងៃចន្ទ និងព្រឹកថ្ងៃសោរ៍ នៅទីលានបាល់ទាត់ វិទ្យាល័យឥន្ទ្រទេវី។
សូមរំលឹកថា កាលពីរដូវកាលទី៥ នៃពានរង្វាន់បាល់ទាត់ «Leader+» របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ដែលជើងឯកបានទៅលើក្រុម GOLDIE មកពីនាយកដ្ឋានសវនកម្មផ្ទៃក្នុង៕