(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី ដែលកំពុងជ្រកកោននៅបរទេស ដើម្បីគេចពីការអនុវត្តច្បាប់របស់កម្ពុជា នាពេលថ្មីៗនេះ បានចោទកាសែតភ្នំពេញប៉ុស្ដិ៍ ជាសារព័ត៌មានដែលលំអៀង មិនគោរពឯករាជ្យ និងគ្មានតម្លៃសម្រាប់រូបលោកឆ្លើយតបឡើយ។
ក្រោយការចោទប្រកាន់នេះ លោក លី តៃសេង អគ្គនាយកកាសែតភ្នំពេញប៉ុស្ដិ៍ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឆ្លើយតបថា សារព័ត៌មានរបស់លោកមិនបានលំអៀង ដូចការចោទប្រកាន់របស់បុគ្គល សម រង្ស៊ី នោះទេ ពោលការផ្សាយរបស់លោកឈរលើគោលការណ៍ វិជ្ជាជីវៈលើវិស័យព័ត៌មានត្រឹមត្រូវ។
អគ្គនាយកកាសែតភ្នំពេញប៉ុស្ដិ៍រូបនេះ បានថ្លែងឆ្លើយតបយ៉ាងដូច្នេះថា «សារព័ត៌មានរបស់ខ្ញុំ មិនបានលំអៀង ស្ថិតក្នុងភាពឯករាជ្យ ជាមួយវិជ្ជាជីវៈ លើវិស័យព័ត៌មាន ព្រោះយើងទទួលបានដំណឹងអ្វី យើងចុះផ្សាយដោយផ្តល់វេទិកាគ្រប់ភាគីពាក់ព័ន្ធ»។
លោក លី តៃសេង បានបន្តទៀតថា តាមអ្វីដែលលោកទទួលបានត្រឡប់មកវិញពីអតិថិជន ពួកគាត់ឃើញថា មិនមានភាពលំអៀងទេ ទាំងវេទិកាបក្សប្រឆាំង និងវេទិកាបក្សកាន់អំណាច គឺផ្តល់វេទិកាដូចគ្នា។ ដូច្នេះការចោទប្រកាន់នោះ គឺប្រាសចាកពីការពិតទាំងស្រុងតែម្ដង។
សូមជម្រាបថា ប្រតិកម្មតបរបស់អគ្គនាយកកាសែតភ្នំពេញប៉ុស្ដិ៍ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី តាមរយៈ Twitter កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានសរសេរថា សារព័ត៌មានភ្នំពេញប៉ុស្តិ៍បច្ចុប្បន្ន គឺពិតជាលម្អៀតខ្លាំងណាស់ ដែលគ្មានតម្លៃអ្វីត្រូវធ្វើការឆ្លើយតបនោះទេ៕