(ភ្នំពេញ)៖ បុគ្គលិកក្រុមហ៊ុន ឌី ខេ អេស អេច ខេមបូឌាកម្ពុជាជាច្រើននាក់ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បាននាំគ្នាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមពាក្យស្លោកថា «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ សង្គ្រោះជីវិត» ដោយមានវត្តមានរបស់លោក វង្ស យ៉ក់លី អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ថ្នាក់គ្រប់គ្រង និងនិយោជិតក្រុមហ៊ុន ឌី ខេ អេស អេច ជាច្រើននាក់។
លោក វង្ស យ៉ក់លី អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងថា «យើងពិតជាកោតសរសើរយ៉ាងខ្លាំង ចំពោះបុគ្គលិកក្រុមហ៊ុន ឌី ខេ អេស អេច ខេមបូឌា សំរាប់ការជួយគាំទ្រ និងរៀបចំយុទ្ធនាការបរិច្ចាគឈាមនេះ ដើម្បីបង្ហាញពីភាពស្រឡាញ់ និងជួយសង្រ្គោះជីវិតនេះ។ ការបរិច្ចាគឈាម គឺមិនបានប៉ះពាល់ដល់សុខភាពរបស់យើងទេ»។
លោក យ៉ាង ណាវុធ ប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន ឌី ខេ អេស អេច ខេមបូឌា បានបញ្ជាក់ផងដែរថា «នេះជាលើកទី២ ហើយដែលយើងរៀបចំយុទ្ធនាការបរិច្ចាគឈាមនេះ។ យើងពិតជាកោតសរសើរ ហើយសូមអរគុណយ៉ាងជ្រាលជ្រៅ ដល់បុគ្គលិកយើង ដែលបានចូលរួមកម្មវិធីនេះ ការបរិច្ចាគឈាម គឺជាអំណោយគួរឲ្យស្រឡាញ់ និងមានន័យបំផុត ដែលយើងអាចផ្តល់ឲ្យអ្នកដែលត្រូវការវា»។
ជាមួយគ្នានោះ តំណាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រគល់វិញ្ញាបនបត្រសរសើរ ដល់ DKSH កម្ពុជាសម្រាប់សកម្មភាព ដែលមានន័យជ្រាលជ្រៅ និងចូលរួមជួយដល់សង្គម។
ជាក្រុមហ៊ុនស្វីស ដែលបានចាក់រឹសយ៉ាងមាំនៅតំបន់អាស៊ីជាង១៥០ឆ្នាំ មកហើយនោះ ការយកចិត្តទុកដាក់ចំពោះសង្គមជានិច្ចជាកាល គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងក្រុមហ៊ុន ឌី ខេ អេស អេច។ សំរាប់នៅប្រទេសកម្ពុជាក្រុមហ៊ុន ឌី ខេ អេស អេច មានវត្តមាន ចាប់តាំងពីដើមទសវត្សឆ្នាំ១៩៥០ និងសព្វថ្ងៃនេះគឺ ជាអ្នកផ្តល់សេវាថែទាំសុខភាពដ៏ធំបំផុត មួយនៅក្នុងប្រទេស។
DKSH ប្តេជ្ញាចិត្តធ្វើអាជីវកម្ម ដោយប្រកាន់នូវគោលការណ៍គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់សហគមន៍។ ការបរិច្ចាគឈាម គឺជាវិធីមួយដែលបង្ហាញពីក្តីស្រឡាញ់និង ការយកចិត្តទុកដាក់ ការបរិច្ចាគឈាមមួយដំណក់មានន័យថាផ្តល់នូវពិភពដ៏អស្ចារ្យចំពោះមនុស្សម្នាក់ទៀត៕