(ភ្នំពេញ)៖ ក្រោយមានការរួមចំណែករុះរើរបងចេញ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋានជាមួយអាជ្ញាធរ ពីសំណាក់អគ្គនាយកសាលាអូស្ត្រាលី អន្តរជាតិភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរភ្នំពេញ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ អាជ្ញាធរខណ្ឌឫស្សីកែវ បាននាំយកគ្រឿងចក្រ មកឈូសឆាយរបងសាលាភ្លាមៗ ដើម្បីធ្វើការពង្រីកបើកផ្លូវចាក់ជាបេតុងឲ្យកាន់តែធំទូលាយជាងមុននៅពេលខាងមុខនេះ។
ការនាំគ្រឿងចក្រទៅឈូសឆាយនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ជំនួសមុខឲ្យលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ បានដឹកនាំកម្លាំងរដ្ឋបាល មានប្រជាការពារ អាជ្ញាធរសង្កាត់ភូមិ និងមន្ត្រីតំណាងឲ្យលោក លោក ប៊ុន ឡុង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខណ្ឌ។
តាមរយៈព័ត៌មាន Fresh News លោក ប្រាជ្ញ សីហា តំណាងឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនជំពោះអគ្គនាយកសាលាអូស្ត្រាលី អន្តរជាតិភ្នំពេញ ដែលបានចូលរួមចំណែកសហការជាមួយអាជ្ញាធរ ដើម្បីឲ្យវាយរបងសាលាបណ្ដោយជិត២០០ម៉ែត្រ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន សម្រាប់ធ្វើការស្ថាបនាពង្រីកបើកផ្លូវចាក់ជាបេតុងឲ្យបានទទឹងដល់ទៅ២០ម៉ែត្រ ក្នុងពេលខាងមុខនេះ។
លោក ប្រាជ្ញា សីហា បានបញ្ជាក់ថា ទំហំផ្លូវនេះផ្នែកខាងកើតតភ្ជាប់ទៅផ្លូវលេខ១៨០០ និងផ្នែកខាងលិចតភ្ជាប់មកផ្លូវបុរីអង្គរភ្នំពេញ ខណៈដែលផ្លូវមួយខ្សែនេះ មានសារៈសំខាន់ខ្លាំងណាស់ ទាំងការបញ្ជៀសបាននូវរាល់ការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕