(ភ្នំពេញ)៖ «សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន» របស់កម្ពុជា ដែលមានឈ្មោះដើម «សាកលវិទ្យាល័យហ្សាម៉ាន់» នោះ បានសម្រេចចាប់ដៃបើកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយវិទ្យាស្ថានដ៏ល្បីរបស់ប្រទេសកាណាដា SAIT (Southern Alberta Institute of Technology) ដើម្បីពង្រឹង និងពង្រីកគុណភាពអប់រំជូននិស្សិតកម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ពិធីចុះហត្ថលេខាបើកកិច្ចសហប្រតិបត្តិការរវាង «សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន» ជាមួយវិទ្យាស្ថាន SAIT បានធ្វើឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។ ពិធីនេះមានការអញ្ជើញជាអធិបតីពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកស្រី Donica Pottie ឯកអគ្គរាជទូតកាណាដា ប្រចាំកម្ពុជា។
នៅកម្ពុជា មានតែ «សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន» តែមួយគត់ដែលទទួលបានអាទិភាពពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយប្រទេសកាណាដា។ តាមរយៈការចុះកិច្ចព្រមព្រៀងនេះ «សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន» ទទួលបានឱកាសសំខាន់ៗចំនួន៣លើវិស័យអប់រំពីប្រទេសកាណាដារួមមាន៖ ទី១. ការផ្តល់អាទិភាពអាហារូបករណ៍ និងកិច្ចសម្របសម្រួលសំណុំឯកសារក្នុងការផ្តល់ទិដ្ឋការទៅប្រទេសកាណាដា, ទី២. ការផ្តល់តម្លៃស្មើគ្នាលើគុណភាពរៀន និងបង្រៀន និងទី៣. ការផ្តល់តម្លៃស្មើគ្នា លើសញ្ញាបត្រ័កម្រិតក្រោយឧត្តមសិក្សារវាង «សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន» និង វិទ្យាសា្ថន SAIT។
លោក អ៊ាង សុផល្លែត ប្រធានកិត្តិយសនៃក្រុមប្រឹក្សាភិបាល «សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (កម្ពុជា)» បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង «សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (កម្ពុជា)» ជាមួយ SAIT របស់កាណាដា គឺជាឆ្លើយតបទៅនឹងរបត់នៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យអប់រំ។
លោក អ៊ាង សុផល្លែត បានលើកឡើងផងដែរ តាមកិច្ចសហការនេះ គឺបានបង្ហាញឲ្យឃើញថា «សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (កម្ពុជា)» កំពុងពង្រីកនូវសមត្ថភាព និងវិសាលភាពរបស់ខ្លួនក្នុងការកសាងនូវធនធានមនុស្សប្រកបដោយគុណភាព និងភាពច្នៃប្រឌិត។
«សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន» ត្រូវបានប្តូរពីឈ្មោះដើម «សាកលវិទ្យាល័យហ្សាម៉ាន់»។ ការផ្លាស់ប្ដូរស្លាកយីហោថ្មីរបស់សាលា ជាការធ្វើទំនើបកម្មចាំបាច់ ដែលក្រុមប្រឹក្សាភិបាលសាលាមានមហិច្ឆតាចម្បង ក្នុងការបង្កើននូវកម្លាំង និងថាមពលថ្មី ឆ្ពោះទៅកាន់ដំណាក់កាលបន្ទាប់លើវិថីអប់រំ។
SAIT ជាវិទ្យាស្ថានពហុបច្ចេកវិទ្យាដ៏ល្បីល្បាញមួយរបស់ប្រទេសកាណាដា ដែលមានអាយុកាលជាង ១សតវត្សរ៍មកហើយ។ វិទ្យាស្ថានបានចាប់ដំណើការចាប់ពីឆ្នាំ១៩១៦ និងបច្ចុប្បន្ននេះ មានកម្មវិធីសិក្សាស្តីពីបច្ចេកវិទ្យា ពាណិជ្ជកម្ម និងជំនួញប្រមាណជា ១០០ជំនាញ។ មកដល់បច្ចុប្បន្ននេះ វិទ្យាស្ថាន SAIT មានដៃគូរក្នុងវិស័យឧស្សាហកម្មចំនួនជាង១,១០០ បានសហការជាមួយស្ថាប័នអន្តរជាតិនានាចំនួនជាង២០០ និងមានកម្មវិធីស្រាវជ្រាវរួមគ្នាជាមួយឧស្សាហកម្មអន្តរជាតិ និងរដ្ឋាភិបាលចំនួនជាង១០០កម្មវិធី៕