(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តន៍កម្មវិធីវិនិយោគបីឆ្នាំរំកិល គឺឆ្នាំ ២០១៨-២០២០ និងត្រួតពិនិត្យការប្រមូលពន្ធ ប្រថាប់ត្រា នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត ចេះពង្រួញការងាររដ្ឋបាល ដើម្បីឈានទៅបង្ក លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានចូលមកបង់ពន្ធប្រថាប់ត្រាលើពន្ធអចលនទ្រព្យគ្រប់ៗគ្នា។
លោក គួច ចំរើន បានថ្លែងថា មកដល់ពេលបច្ចុប្បន្ននេះយើងសង្កេត ឃើញថាប្រជាពលរដ្ឋមានការកើនឡើងក្នុងការចូលមកបង់ពន្ធប្រថាប់ត្រា លើអចលនទ្រព្យ។ ប៉ុន្តែទោះជាយ៉ាងនោះក៏ដោយ យើងនៅមើលឃើញថាកំណើននេះមិនទាន់សមស្របទៅតាមស្ថានភាពជាក់ស្ដែងនៅឡើយទេ ដូច្នេះយើងត្រូវរួមគ្នា ធ្វើការត្រួតពិនិត្យបន្ថែមទៀត ដើម្បីធ្វើឱ្យកំណើន នៃប្រជាពលរដ្ឋចូលមកបង់ពន្ធមានការកើនឡើងឱ្យសមស្របទៅ និងស្ថានការជាក់ស្តែង។
លោកអភិបាលខេត្តបានបញ្ជាក់ថា ប្រសិនបើមន្រ្តីយើងមិនបានរួមគ្នាធ្វើការពិនិត្យឱ្យបានហ្មត់ចត់ទេនោះ ហើយក្នុងនោះមានអ្នកមកបង់ពន្ធក៏បាន និងអ្នកមិនបង់ពន្ធក៏បានដែរនោះ ការចូលមកបង់ពន្ធប្រថាប់ត្រានេះ អាចនឹងមានការថយចុះទៅវិញ។ ដូច្នេះឆ្លងតាមការពង្រឹងការងារ បង់ពន្ធប្រថាប់ត្រានេះ យើងសង្កេតឃើញថា មានប្រជាពលរដ្ឋ ចូលមកបង់ពន្ធច្រើន ហើយដើម្បីរក្សាកំណើននេះយើងត្រូវធ្វើយ៉ាងណារួមគ្នា ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់មកបង់ពន្ធប្រថាប់ត្រា លើពន្ធអចលនទ្រព្យនេះ ឱ្យបានគ្រប់ៗគ្នានាថ្ងៃខាងមុខ។
តាមលោកអភិបាលខេត្ត បានបន្ថែមទៀតថា នៅឆ្នាំកន្លងមក ប្រជាពលរដ្ឋបានជួបប្រទះនូវផលលំបាកខកខានមិនបានបង់ពន្ធប្រថាប់ត្រា ដោយ សារកិច្ចការរដ្ឋបាល មានភាពស្មុគស្មាញ ធ្វើឱ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរឡើងចុះច្រើនដង ដោយសារលំនៅដ្ឋានរបស់ពួកគាត់នៅឆ្ងាយ ពីទីរួមខេត្ត។ ប៉ុន្តែបច្ចុប្បន្ននេះ អាជ្ញាធរខេត្តបានរៀបចំឱ្យមានការិយាល័យច្រកចេញចូលតែមួយ ដើម្បីជួយជួយសំរួលបម្រើសេវាជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ មន្រ្តីជំនាញសូរិយោដី ក៏ត្រូវរួមគ្នា ដើម្បីរិះរកមធ្យោបាយពង្រួញកិច្ចការរដ្ឋបាល ធ្វើយ៉ាងណាបង្ករលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ដែលត្រូវផ្ទេរកម្មសិទ្ធអចលនទ្រព្យនោះ ដើម្បីឱ្យពួកគាត់បានចូលខ្លួនមកបង់ពន្ធប្រថាប់ត្រា ដោយមានការពេញចិត្ត ផងដែរ៕