(ក្រចេះ)៖ គណៈគ្រប់គ្រង់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តក្រចេះ បានអញ្ជើញអាណាព្យាបាលនិស្សិត ដែលទទួលអាហារូបករណ៍ទៅសិក្សា នៅសាកលវិទ្យាល័យ Haikou ប្រទេសចិន ដើម្បីជួបពិភាក្សាការងារមួយចំនួន នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

លោក គឹម ធន់ នាយកគ្រប់គ្រងសាកលវិទ្យាល័យ បានឲ្យដឹងថា ការផ្ដល់អាហារូបករណ៍នេះ ដោយសារកិច្ចសហការរវាង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ជាមួយសកលវិទ្យាល័យសេដ្ឋកិច្ច Haikou ប្រទេសចិន ហើយអត្ថប្រយោជន៍នៃអាហារូបករណ៍នេះ គឺការសិក្សាភាសាជំនាញឱកាស​ ទទួលបានការងារក្រោយពេលរៀនចប់ និងឱកាសបន្តការសិក្សាថ្នាក់ជំនាញឯកទេស ហើយសាលានឹងនាំនិស្សិតដែលទទួលអាហារូបករណ៍ទៅសិក្យានៅប្រទេសចិន នៅពាក់កណ្ដាលខែមីនានេះ។

លោកនាយកគ្រប់គ្រងរូបនោះ បានបញ្ជាក់ទៀតថា ការជួបពិភាក្សាជាមួយអាណាព្យាបាលនិស្សិត គឺចង់ពន្យល់ឲ្យពួកគាត់យល់កុំឲ្យមានការបារម្ភពីសុខទុក្ខកូនៗ ដែលទទួលអាហារូបករណ៍ទៅសិក្យានៅប្រទេសចិន ព្រោះការទៅសិក្សានៅប្រទេសចិន គឺទៅតាមផ្លូវច្បាប់ត្រឹមត្រូវហើយគណៈគ្រប់គ្រងសាលា ជាអ្នកនាំនិស្សិតទទួលអាហារូបករណ៍ទៅប្រទេសចិន ដោយផ្ទាល់៕