(ភ្នំពេញ)៖ លោក សុខ សុគន្ធ ហៅជេម សុខ ដែលជាអ្នកអធិប្បាយលើបញ្ហាសង្គម និងនយោបាយរបស់កម្ពុជាដ៏មានប្រជាប្រិយភាពបានលើកឡើងថា មហាអំណាចទាំងលោកសេរី និងកុម្មុយនិស្ត មានកាតព្វកិច្ចជួយកសាងកម្ពុជាដែលរងភាពខ្ទេចខ្ទាំដោយសារតែសង្គ្រាម។
បើតាមលោក សុខ សុគន្ធ សង្គ្រាមនៅកម្ពុជាមិនអាចកើតឡើងនោះឡើយ បើមិនមានឥទ្ធិពលសង្គ្រាមត្រជាក់កើតចេញពីការពង្រីកឥទ្ធិពល និងការវាទទីអំណាចនយោបាយរបស់ប្រទេសមហាអំណាចទាំងប្លុកសេរី និងកុម្មុយនិស្តទេនោះ។
«ប្រទេសកម្ពុជាទទួលជំនួយសហគមន៍បរទេសដើម្បីកសាងប្រទេសជាតិក្រោយកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ មិនមែនដោយសារអន្តរជាតិគាត់ចិត្តល្អទេ ហើយក៏មិនមែនដោយសារអន្តរជាតិហ្នឹងចិត្តអាក្រក់ដែរ។ លុយដែលយកមកឲ្យខ្មែរចាយ ព្រោះគេសង គេយកមកជួសជុលខ្មែរ ពីព្រោះសង្គ្រាមត្រជាក់បានបំផ្លាញប្រទេសកម្ពុជាអស់ហើយ»។ លោក សុខ សុគន្ធ បានបញ្ជាក់នៅក្នុងវីដេអូបទអត្ថាធិប្បាយរបស់លោក។
លោក សុគន្ធ បានបន្ថែមថា «តាមការពិតពិភពលោក ជាពិសេសលោកសេរី និងលោកកុម្មុយនិស្តមានកាតព្វកិច្ចនឹងជួយស្តារកម្ពុជាបន្តទៅទៀត ពិព្រោះលោកកុម្មុយនិស្ត និងលោកសេរីនេះហើយ ដែលបណ្តាលឲ្យកើតសមរភូមិធំវិនាសកម្មនៅកម្ពុជា ធ្វើឲ្យខ្មែរកាប់សម្លាប់គ្នា»។
ទន្ទឹមនឹងការលើកបង្ហាញពីឥទ្ធិពលប្រជែងអំណាច និងឥទ្ធិរបស់ប្រទេសមហាអំណាចនៃប្លុកសេរី និងកុម្មុយនិស្តហើយ លោក សុខ សុគន្ធ ក៏បានលើកសារផ្តាំផ្ញើក្រើនរំលឹក ដល់អ្នកនយោបាយ ជាពិសេសទណ្ឌិត សម រង្ស៉ី កុំឲ្យលុងចិត្តផុងគំនិតតាមនយោបាយរបស់បរទេសនាំឲ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមដូចពីអតីតកាល។
លោក សុគន្ធ បានលើកជាឧទាហរណ៍ថា ប្រសិនបើអាមេរិក និងវៀតណាម ចង់កម្ចាយចិនពីប្រទេសកម្ពុជា ពួកគេអាចនឹងរួមគ្នាលួចធ្វើការដោយសម្ងាត់ ដើម្បីផ្ជង់ផ្តោតគាំទ្រលោក សម រង្ស៉ី ក្នុងការដណ្តើមអំណាចពីរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន។
លោក សុខ សុគន្ធ បានរំលឹកពីហានិភ័យថា ប្រសិនបើទណ្ឌិត សម រង្ស៉ី មិនប្រុងប្រយ័ត្នទេ នឹងក្លាយជាឈ្នាន់នយោបាយរបស់បរទេសរុញប្រទេសជាតិធ្លាក់ទៅក្នុងភាពអន្តរាយដូចពីអតីតកាលជាមិនខាន។
និយាយដល់ចំណុចនេះ លោក សុខ សុគន្ធ បានទទូចអង្វរដល់អាមេរិក និងវៀតណាម សូមឲ្យដោះលែងប្រទេសកម្ពុជា កុំប៉ុនប៉ងបំផ្លាញកម្ពុជាដូចពីអតីតកាលបន្តទៅទៀត ព្រោះពួកគេរស់បានសុខសាន្តហើយ ទុកឲ្យកម្ពុជាបន្តរស់ក្នុងភាពសុខសាន្តផង៕