(ភ្នំពេញ)៖ ក្នុងឱកាសទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ «Leading Change for Organizational Renewal» នៅថ្ងៃទី១១កុម្ភៈនេះ នាទីស្តីការក្រសួង លោកបានបន្ដជំរុញលើកទឹកចិត្ដ ដល់មន្ដ្រីរបស់ខ្លួន បើកចិត្ដ ចាប់យកឱកាស
ពង្រីកនូវចំណេះជំនាញ ដើម្បីចូលរួមចំណែកដឹកនាំក្រសួង ក៏ដូចជាប្រទេសជាតិឆ្ពោះទៅកាន់ការរីកចម្រើនលូតលាស់បន្ថែមទៀត។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្រ្តី បានថ្លែងបន្ដថា «វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ណាស់ ពិសេសក្រោមការបណ្តុះបណ្តាលរបស់វាគ្មិន ដែលអញ្ជើញមកពីមជ្ឈមណ្ឌល Center for Asia Leadership Initiatives និងបានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ Harvard ដែលមន្ដ្រីទំាងរូបដែលបានចូលរួមនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុកដាក់ ចែករំលែកការអនុវត្តល្អៗ ក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អ ពីគ្រូបណ្តុះបណ្តាល»។
ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះផងដែរ លោក Faustino John Lim សហស្ថានិក និងជានាយក កិច្ចការអន្តរជាតិនៃមជ្ឈមណ្ឌល Center of Asia Leadership បានផ្ដល់ការណែនាំចំនួន៤ រួមមាន ចូលរួមឲ្យបានសកម្ម ដើម្បីបង្ហាញអំពីទស្សនៈរបស់ខ្លួន, ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងបញ្ហាដែលកំពុងពិភាក្សា, ភ្ជាប់ប្រធានបទ និងករណីសិក្សាទៅនឹង អង្គភាពរបស់ខ្លួន បញ្ហាប្រឈមទាក់ទងនឹងភាពជាអ្នកដឹកនាំ របស់ខ្លួនឯង និងត្រូវចំណាយពេលវេលានេះ ជាឱកាសក្នុងការគាំទ្រគ្នាទៅវិញទៅមក និងសិក្សាពីគ្នាទៅវិញទៅមក។
សូមជម្រាបថា កម្មវិធីវគ្គបណ្តុះបណ្តាលនេះ សហការរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹង មជ្ឈមណ្ឌល Center of Asia Leadership Initiatives (CALI) ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយវគ្គបណ្តុះបណ្តាលទី១ធ្វើឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់មន្ត្រីរាជការជាថ្នាក់ដឹកនាំចំនួន៥០រូប ចំណែកវគ្គបណ្តុះបណ្តាលទី២ នឹងត្រូវធ្វើឡើងនៅខេត្ត ព្រះសីហនុចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់មន្ត្រីរាជការជាថ្នាក់ដឹកនាំចំនួន ៥០រូបបន្ថែមទៀត។
វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃទាំង២វគ្គនេះ នឹងពិភាក្សាលើករណីសិក្សា សំខាន់ៗ ដែលបានសម្រិតសម្រាំងឡើងយ៉ាងពិសេស សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់កណ្តាល ដែលបម្រើការងារក្នុងវិស័យ សាធារណៈ ស្របតាមក្របខ័ណ្ឌ និងវិធីសាស្រ្តបង្រៀននៅមហាវិទ្យាល័យ Harvard Kennedy School of Government និងមហាវិទ្យាល័យ Harvard Business School ៕