(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានចាប់ផ្តើមថ្ងៃនេះនូវដំណើរការ ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធនៃទំនិញកម្ពុជាលើទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្ម Everything But Arms (EBA) ។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើប្រទេសទទួលផលមិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអឺរ៉ុប ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
កិច្ចព្រមព្រៀងអនុគ្រោះពន្ធ ឬ EBA (Everything But Arms) ជាកិច្ចព្រមព្រៀងដែលសហភាពអឺរ៉ុប បានផ្តល់ឲ្យកម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងទៀត នូវឱកាសនាំគ្រប់ផលិតផលទាំងអស់ (លើកលែងតែអាវុធ) ចូលទៅក្នុងទីផ្សាររួមតែមួយរបស់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា។
សូមជំរាបថាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដ៏ពិសេសមួយឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ស្តីពីការអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) សម្រាប់ទំនិញរបស់កម្ពុជា ហើយបានចាត់ទុកជាការសម្រេចដ៏អយុត្តិធម៌បំផុត។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចចិត្តនេះ ថាជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេស កម្ពុជាសម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះយ៉ាងណាក៏ដោយ ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិជាច្រើន ដែលត្រូវបានផ្សារភ្ជាប់នឹងកម្មវិធីនេះ ជាពិសេសនៅក្នុងវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លី។
រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាននៃរបាយការណ៍បេសកកម្មរបស់សហភាពអឺរ៉ុប កាលពីខែកក្កដាកន្លងទៅ។ រាជរដ្ឋាភិបាលមានការខកចិត្តចំពោះកង្វះតម្លាភាពរបស់សហភាពអឺរ៉ុប ដែលមិនបានបង្ហាញនូវខ្លឹមសារនៃរបាយការណ៍នោះ ដែលសហភាពអឺរ៉ុបបានយកធ្វើជាមូលដ្ឋាន នៃសេចក្តីសម្រេចចិត្តលំអៀងរបស់ខ្លួន៕