(រតនគិរី)៖ មន្រ្តីអាវុធហត្ថខេត្តរតនគិរី បានឱ្យដឹងថា នៅពេលនេះ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តរតនគិរី បានឡើងកាន់តំណែងជា មេបញ្ជាការស្តីទីអាវុធហត្ថខេត្តរតនគិរី មួយរយៈ ដើម្បីចាត់ចែងការងារជំនួស លោក គឹម រស្មី អតីតមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ដែលត្រូវបានលុបចេញពីក្របខ័ណ្ឌ។
បើតាម លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រហូតដល់ពេលនេះ មិនទាន់មានការតែងតាំងមេបញ្ជាការអាវុធហត្ថខេត្តរតនគិរីនៅឡើយទេ ដោយរង់ចាំការសម្រេចពីថ្នាក់លើ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ជាបន្ទាន់តែម្តង បន្ទាប់ពីធ្លាយវីដេអូមួយ ចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ៕