(ភ្នំពេញ)៖ លោករដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងសហការី នៅរសៀលថ្ងៃទី១១ ខែកុម្ភៈនេះ បានអនុញ្ញាតិឲ្យលោកបណ្ឌិត Choi Hui Jae, General Manager, Performance Management Department of Korea Land and Geospatial Informatics Corporation និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំគម្រោងស្តីពី Spatial Information System for Cambodia Agricultural Land Management (SIS-CALM) ដើម្បីអនុវត្តជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេលអនាគតដ៏ខ្លីខាងមុខ។
លោក Choi Hui Jae បានបញ្ជាក់ថា តាមរយៈគម្រោងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងមានភាពងាយស្រួល ក្នុងការគ្រប់គ្រងធនធានដី គ្រប់គ្រងការប្រើប្រាស់ទឹក ការធ្វើផែនការដំណាំ និងកំណត់តំបន់ដាំដុះ ការទស្សន៍ទាយនៃផលិតផលកសិកម្ម ការគ្រប់គ្រងនូវគ្រោះមហន្តរាយ និងការការពារការរាតត្បាត នៃការបំផ្លាញដំណាំរបស់សមាភាពសត្វចង្រៃ និងការរៀបចំផែនការអភិវឌ្ឍន៍កសិកម្មផ្សេងៗទៀត ដោយប្រើប្រាស់នូវប្រព័ន្ធព៌ត័មានផ្កាយរណបនៃគម្រោងនេះ។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវការស្វាគមន៍ ប្រកបដោយសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានឃើញភាគីកូរ៉េបានរៀបចំគម្រោងនេះ ឡើងស្របតាមអនុស្សរណនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព៌ត័មានវិទ្យា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គនាយកដ្ឋានគ្រប់គ្រងធនធានដី នៃសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០១៦ កន្លងមក។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា គម្រោងនេះ គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកំពុងតែធ្វើទំនើបកម្មលើវិស័យកសិកម្ម ដើម្បីរួមចំណែកជួយបង្កើន ផលិតភាពកសិកម្ម ពិពិធភាវូបណីកម្ម និងពាណិជ្ជូបណីកម្ម ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យកសិកម្ម២០១៨-២០២៣។
លោករដ្ឋមន្ត្រី សូមសម្តែងនូវការគាំទ្រយ៉ាងខ្លាំង និងជំរុញឲ្យនាយកដ្ឋានពាក់ពន្ធ័ បន្តនូវកិច្ចសហប្រតិបត្តិការល្អ ដើម្បីឲ្យការរៀបចំគម្រោងនេះ សម្រេចបានជោគជ័យ និងទទួលបានថវិកាមកអនុវត្តឲ្យបានឆាប់នៅពេលខាងមុខ៕