(ភ្នំពេញ)៖ ឱកាសការងារ ចំនួន៧២៣កន្លែងបន្ថែមទៀត កំពុងរង់ចាំសិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារថ្មី ពីក្រុមហ៊ុនចំនួន១០ សម្រាប់វេទិកាការងារ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ រួមមាន៖ ក្រុមហ៊ុន ALPHA GOLD FUTURES, ELT, មហានគរ, PassApp, BROWN, ម៉ាស្ទ័រ ស៊ុគីស៊ុប, MAJOR CINEPLEX, HUAWEI, PARK Café, និងមីក្រូហិរញ្ញវត្ថុ bamboo ដែលក្រុមហ៊ុនទាំង១០នេះ នឹងមានវត្តមាននៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែកុម្ភៈ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់សិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយអ្នកតំណាង មកពីបណ្តាក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អាស្រ័យហេតុនេះ សិស្ស-និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម អាចទទួល បានសេវាផ្តល់ជូនដោយរាជរដ្ឋាភិបាល ដោយមិនគិតកម្រៃ សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕