(ព្រះសីហនុ)៖ មន្ត្រីរដ្ឋបាលសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតនៃស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា បានចូលជួបលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដើម្បីជួបពិភាក្សាគ្នាអំពីសក្តានុពលវិនិយោគ លើវិស័យទេសចរខេត្តព្រះសីហនុ និងស្នើសុំការចូលចតនាវាកងទ័ពជើងទឹក នៅកំពង់ផែខេត្តព្រះសីហនុ។
នាឱកាសនោះ លោកស្រី Manika Jain បានជម្រាបជូនអភិបាលខេត្តព្រះសីហនុថា នៅចុងខែមីនា ឆ្នាំ២០១៩ខាងមុខ នាវាកងទ័ពជើងទឹកឥណ្ឌា នឹងមានគម្រោងចូលចតធ្វើទស្សនកិច្ចនៅកម្ពុជា ពិសេសចូលចត នៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ រវាងកងទ័ពជើងទឹក ប្រទេសទាំងពីរ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ឲ្យកាន់តែសិ្នទស្នាលថែមមួយកំរិតទៀត។
លោកស្រីបន្តថា កាលពីឆ្នាំ២០១៧កន្លងទៅ នាវាកងទ័ពជើងទឹកឥណ្ឌា១គ្រឿង បានចូលចតធ្វើទស្សនកិច្ច នៅកម្ពុជាប្រកបដោយសុវត្ថិភាព។
លោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌា បានឲ្យដឹងបញ្ជាក់ថា ឥណ្ឌា-កម្ពុជា បានធ្វើការផ្លាស់ប្តូរគណៈប្រតិភូ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅធ្វើទស្សនកិច្ច នៅប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៨ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យា IT វិស័យការពារជាតិ (កងកម្លាំងរក្សាសន្តិសុខ អង្គការសហប្រជាជាតិ)។
លោកបន្ដថា ឥណ្ឌា-កម្ពុជា មានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអាស៊ាន លើគម្រោងអភិវឌ្ឍមេគង់ វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។
លោកស្រី ក៏បានឲ្យដឹងដែរថា ក្នុងមួយឆ្នាំ រដ្ឋាភិបាលឥណ្ឌា បានជួយបណ្តុះបណ្តាលធនធានមនុស្សចំនួន ១៥០នាក់ ហើយឆ្នាំ២០១៩នេះ បានបន្ថែម២៩នាក់ទៀត ក្នុងនោះ ក៏មានវិស័យការពារជាតិ បណ្តុះបណ្តាលធន ធានមនុស្សផ្នែកកងទ័ពជើងទឹក លើបច្ចេកទេសដោះមីន និងយុទ្ធភណ័មិន ទាន់ផ្ទុះជាដើម។
លោកបន្តទៀតថា ឆ្នាំ២០១៨ កន្លងទៅ រដ្ឋមន្តីក្រសួងការពារជាតិ ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេសឥណ្ឌា បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងមានគម្រោងកិច្ចសហប្រតិបត្តិការជាច្រើន ត្រូវបានចុះហត្ថលេខា។ ក្នុងដំណើរទស្សនកិច្ច នៅខេត្តព្រះសីហនុ លោកស្រីទូតឥណ្ឌា ក៏មានគម្រោងទស្សនាកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ និងតំបន់មួយចំនួនទៀតក្នុងខេត្ត។
នាឱកាសនោះដែរ លោក យន្ត មីន បានថ្លែងស្វាគមន៍លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ដែលស្នើសុំការចូលចតនាវាកងទ័ពជើងទឹកឥណ្ឌា នៅចុងខែមីនា ឆ្នាំ២០១៩ខាងមុខ។ កន្លងមកនេះ រូបលោកក៏ធ្លាប់បានចូលរួម អបអរសាទរ នៃការចូលចតនាវាកងទ័ពជើងទឹកឥណ្ឌា នៅកំពង់ផែក្រុងព្រះសីហនុ២លើករួចមកហើយដែរ។ ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា គឺជាបងប្អូនគ្នា ដូចនៅក្នុងរឿង (នគរគោកធ្លក) បាននិទានអញ្ចឹងដែរ។
លោកបានបន្តថា ដោយសារកម្ពុជា មានសង្គ្រាមផ្ទៃក្នុង ប្រទេសឥណ្ឌា បានចូលរួមក្នុងការសម្របសម្រួលជាអន្តរជាតិ ធ្វើឲ្យកម្ពុជាមានសុខសន្តិភាព សេរីភាព ពេញបរិបូណ៍ លើផ្ទៃប្រទេស ហើយប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសការអភិវឌ្ឍយ៉ាងគំហុក នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១៨ ដោយមានសំណង់ អគារពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ និងផ្ទះសំណាក់ធំៗ ប្រមាណជា២០០អគារ បានកើតឡើង និងកំពុងស្ថាបនាឡើងជាបន្តបន្ទាប់ ។
លោក យន្ត មីន បានបន្តទៀតថា ប្រទេសឥណ្ឌា មានធនធានមនុស្សខាងបច្ចេក វិទ្យា IT វិទ្យា សាស្ត្រ (វិស័យសុខាភិបាល) ឥណ្ឌា បានជួយបណ្តុះបណ្តាលវិស័យយោធា ផ្នែកដោះមីន យុទ្ធភ័ណមិនទាន់ផ្ទុះ ជាពិសេសទៀត ជួយជួសជុសប្រាសាទអង្គវត្ត នៅខេត្តសៀមរាបជាដើម។
លោកអភិបាលខេត្តព្រះសីហនុបន្តថា ខេត្តព្រះសីហនុ គឺជាតារារះ នាទិសនារតី នៃកម្ពុជា ក៏ប៉ុន្តែលោកមានការសោកស្តាយ ដោយមិនមានក្រុមហ៊ុនវិនិយោគឥណ្ឌា មកធ្វើការវិនិយោគ នៅខេត្តព្រះសីហនុ ខណៈដែល ក្រុមហ៊ុនជាច្រើន បានមកធ្វើការវិនិយោគ នៅខេត្តព្រះសីហនុ ក្នុងចំណោមក្រុមហ៊ុនបរទេសមកពី១៧ប្រទេស ភាគច្រើន គឺជាក្រុមហ៊ុនចិន
នាឱកាសនោះដែរ លោក យន្ត មីន ក៏បានសំណូមពរដល់លោកស្រីអគ្គរដ្ឋទូតឥណ្ឌា ជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ មានកោះ ឆ្នេរសមុទ្រ តំបន់កសិកម្ម ឧស្សាសហកម្ម និងទេសចរណ៍ ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគគិនឥណ្ឌា មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ អាជ្ញាធរ និងជួយសម្រួល អនុគ្រោះបង្កឱកាសគ្រប់បែបយ៉ាងដល់អ្នកទេសចរ និងវិនិយោគឥណ្ឌា។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ មានអ្នកទេសចរឥណ្ឌា ចូលមកកម្សាន្តខេត្តព្រះសីហនុ មានចំនួន ១,០២៥នាក់។ ឆ្នាំ២០១៨ មានចំនួន ២,៥៧៨នាក់ ហើយឆ្នាំ២០១៩នេះ ទំនងជានឹង មានការកើនឡើងបន្ថែមទៀត៕