(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមអន្ដរាគមន៍ពិសេស ចំនួន០៣ក្រុម ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងទប់ស្កាត់ការជិះបញ្ច្រាសទិស ខណៈដែលផ្លូវកំពុងតែស្ទះចរាចរណ៍។

លោកឧត្តមសេនីយ៍ឯក​ ស ថេត តាមរយៈ ​Facebook ផ្លូវការនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០​១៩នេះ បានឲ្យដឹងថា ការសម្រេចបង្កើតនេះ ក្រោយមានការឯកភាពពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យក្រុមអន្ដរាគមន៍ពិសេស០៣ក្រុមនេះ ចល័តគ្រប់គោលដៅដែលជួបបញ្ហាកកស្ទះចរាចរណ៍។

ស្នងការនគរបាលរាជធានីភ្នំពេញ បានរៀបរាប់ពីផែនការការងារ ដែលក្រុមអន្ដរាគមន៍នេះនឹងអនុវត្តរួមមមាន៖

*ក្រុមនេះ​​នឹងចល័តទៅគ្រប់គោលដៅ ដែលមានការកកស្ទះខ្លាំងរៀងរាល់ថ្ងៃ
*ទប់ស្កាត់ការជិះបញ្រ្ចាសនៅម៉ោងកកស្ទះ​
*សុំឲ្យកម្លាំងសម្រួលចរាចរណ៍ពេលស្ទះខ្លាំង ឲ្យបានធូរស្បើយ​ មិនត្រូវឈរលើថ្នល់មើលការកកស្ទះឡើយ
*ត្រូវជិះម៉ូតូចល័តទៅគ្រប់កន្លែងដែលស្ទះ​ ហើយ​សម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ
*ត្រូវត្រៀមខ្លួនជានិច្ចនៅតាមច្រកចេញរាជធានីភ្នំពេញ នៅពេលមានពិធីបុណ្យជាតិសំខាន់ៗ
*ត្រូវលុបបំបាត់សកម្មភាពពួនស្ទាក់ ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍
*នឹងមានបំប៉នវគ្គសិក្សាដល់មន្រ្តីនគរបាលចរាចរណ៍
*មិនត្រូវពិន័យលើសកាលកំណត់
*មិនត្រូវឆ្លើយដាក់កូនចៅពេលមានបញ្ហា
*ត្រូវកែជាបន្ទាន់នៅពេលពលរដ្ឋបត់ស្តាំ ទោះស្តុបឡើងព័ណ៌ក្រហមក៏ដោយ​​មិនត្រូវពិន័យឡើយ៕​​