Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ប្រធានមន្ទីរធម្មការរាជធានីភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃនេះពុំទាន់មានការចាប់ផ្សឹកព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅនោះទេ

11-02-2019 16:44

(ភ្នំពេញ)៖ លោក ផន ដាវី ប្រធានមន្ទីរធម្មការរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា គិតត្រឹមរសៀលថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ពុំទាន់មានការចាប់ផ្សឹកព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ដូចការចុះផ្សាយ និងចែកចាយតាមបណ្តាញសង្គមនោះទេ ប៉ុន្តែគ្រាន់តែមានការសម្របសម្រួលជាមួយព្រះតេជគុណ ហោ សុខុន តែប៉ុណ្ណោះ។

លោក ផន ដាវី បានបញ្ជាក់ថា នៅមុននេះបន្ដិចមានការសម្របសម្រួលមួយ ដឹកនាំដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាមួយមន្ទីរធម្មការ និងសាសនា, គណៈសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ ដោយជួបជាមួយព្រះតេជគុណ ហោ សុខុន នៅក្នុងវត្តច្បារអំពៅ ដោយស្នើឲ្យព្រះអង្គបញ្ឈប់ការ Live វីដេអូ មានសង្ឃដីកាពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិតទៅទៀត។

ប្រធានមន្ទីររូបនេះ បានបន្ថែមថា ក្រោយពីមានការសម្របសម្រួលរួចហើយ ព្រះតេជគុណ ហោ សុខុន បានទទួលយកការណែនាំរបស់អាជ្ញាធរ ព្រមទាំង Live វីដេអូឡើងវិញពាក់ព័ន្ធករណីដដែលនេះ កុំឲ្យមានការយល់ច្រឡំតទៅទៀត៕