(តាកែវ)៖ ល្ខោននិយាយ «ទម្លាយភាពស្ងៀមស្ងាត់» គឺជាសាច់រឿងល្ខោន ដែលដកស្រង់ចេញពីរឿងរ៉ាវពិត របស់អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម តាមរយៈការស្រាវជ្រាវ និងសម្ភាសន៍ជាមួយជនរងគ្រោះ និងជនដៃដល់នៅតាមភូមិឃុំនានា ក្នុងប្រទេសកម្ពុជា។
អ្នកនិពន្ធជនជាតិហូឡង់២រូបគឺ អ្នកស្រី អាន់ម៉ារី ព្រីនស៍ និងអ្នកស្រី ណាន់ វ៉ាន់ ហួត សហការជាមួយអម្រឹតាសិល្បៈ ដោយមានការជ្រោមជ្រែង លើកិច្ចការស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានផលិតល្ខោននេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការអនុវត្តដំណើរការផ្សះផ្សា និងចាប់ផ្តើមស្តាសង្គមកម្ពុជាដ៏ខ្ទេចខ្ទាំឡើងវិញ។
ល្ខោននិយាយ «ទម្លាយភាពស្ងៀមស្ងាត់» ត្រូវបានសម្តែងនៅតាមបណ្តាភូមិឃុំមួយចំនួន នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៨។ ក្រោយមក ល្ខោននិយាយ «ទម្លាយភាពស្ងៀមស្ងាត់» ត្រូវបានថតជាសំឡេង និងចាក់ផ្សាយតាមវិទ្យុ នៅក្នុងប្រទេសកម្ពុជា។
ល្ខោននិយាយនេះ ត្រូវបាននាំយកទៅសម្តែង នៅក្នុងប្រទេសរ្វ៉ាន់ដា នៅក្នុងឆ្នាំ២០១២ ដោយមានតួអង្គជនជាតិរ្វ៉ាន់ដាចំនួន២នាក់ បានចូលរួមសម្តែងរួមគ្នា បន្ទាប់ពីការប្រារព្ធពិធីបុណ្យរំឭកខួប នៃអំពើប្រល័យពូជសាសន៍ នៅក្នុងប្រទេសរ្វ៉ាន់ដា។ បើគិតមកដល់សព្វថ្ងៃ ប្រវត្តិនៃការកកើតល្ខោននិយាយនេះ មានអាយុកាល១០ឆ្នាំមកហើយ។
នៅក្នុងឆ្នាំ២០១៨ ល្ខោននិយាយ «ទម្លាយភាពស្ងៀមស្ងាត់» ត្រូវបានធ្វើបច្ចុប្បន្នភាពដោយដាក់បញ្ចូលឈុតថ្មីមួយទៀត ដែលបន្ថែមលើខ្លឹមសារចាស់ ទាក់ទងនឹងដំណើរការស្វែងរកយុត្តិធម៌ របស់សាលាក្តីខ្មែរក្រហម ដែលហៀបនឹងបញ្ចប់នាពេលអនាគតដ៏ខ្លីខាងមុខ។
«ទម្លាយភាពស្ងៀមស្ងាត់» ជាមួយឈុតឆាកថ្មី ដែលបានបញ្ចូលលទ្ធផលចុងក្រោយ របស់តុលាការខ្មែរក្រហម ត្រូវបានសម្តែងឡើងវិញ នៅសាលវប្បធម៌នៃវិទ្យាស្ថានជាតិអប់រំ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ដោយមាន សិស្សានុសិស្ស គរុនិស្សិត គ្រូបង្រៀន ប្រជាជន អ្នកនិពន្ធសៀវភៅ មន្រ្តីរាជការ មន្រ្តីទូត ដើមបណ្តឹងរដ្ឋប្បវេណីនៅសាលាក្តីខ្មែរក្រហម និងខ្មែរអ៊ីស្លាម ប្រមាណជាង៥០០នាក់ចូលរួមទស្សនា។
ល្ខោននិយាយ «ទម្លាយភាពស្ងៀមស្ងាត់» ជាមួយឈុតឆាកថ្មី ក៏នឹងរៀបចំសម្តែងជាលើកទី២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ នៅរសៀលថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ ដោយសាធារណជនអាចចូលរួម ទស្សនាដោយសេរី៕