(ភ្នំពេញ)៖ លោក តុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងជាអ្នកសិក្សាស្រាវជ្រាវឯករាជ្យ ផ្នែកសុខភាពសាធារណៈ បានបង្ហាញរបាយការណ៍សិក្សាថ្មីមួយ ដោយបញ្ជាក់ថា យុវវ័យនៅពេលបច្ចុប្បន្ននេះ មានការចាប់អារម្មណ៍តិចជាងមុនជិតពាក់កណ្ដាល ចំពោះថ្ងៃនៃក្ដីស្រលាញ់ ១៤កុម្ភៈ បើធៀបនឹង១០ឆ្នាំកន្លងទៅ។

របាយការណ៍ស្រាវជ្រាវរបស់ លោក តុង សុប្រាជ្ញ ដែលអង្គភាព Fresh News ទទួលបាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហាញថា លទ្ធផលពីការស្រាវជ្រាវ ឆ្នាំ២០១៩នេះ ប្រៀបធៀបជាមួយនឹងលទ្ធផលកាលពីឆ្នាំ២០០៩ បង្ហាញថា យុវ​វ័យមានការចាប់អារម្មណ៍តិចជាងមុនជិតពាក់កណ្តាល ចំពោះថ្ងៃនៃក្តីស្រឡាញ់ខាងមុខនេះ (២០០៩៖ ៦១.២% ទល់នឹង ២០១៩៖ ៣៣.៨%) ជាពិសេសក្នុងចំណោមយុវវ័យ ដែលមានគូសង្សារ (២០០៩៖ ៨១% ទល់នឹង​២០១៩៖ ៤២.៥%)។

លោកអះអាងថា បច្ចុប្បន្ននេះភាគច្រើន នៃពួកគេមានផែនការចេញក្រៅដើរលេង នៅថ្ងៃនៃក្តីស្រឡាញ់ដូចធម្មតា ប៉ុន្តែមានការផ្លាស់ប្តូរគោលដៅ ដែលត្រូវទៅដែលពីមុនធ្លាប់ទៅលេងដូចជា ទៅច្រៀងខារ៉ាអូខេ ទៅបាក់ខែង ទៅគៀនស្វាយ ទៅកោះដាច់ និងចូលផ្ទះសំណាក់ ឬក៏សណ្ឋាគារ បែរជាទៅលេងនៅផ្សារទំនើប និងទៅមើលកុន (៤៤%) នៃយុវវ័យផ្តល់សម្ភាសន៍សរុប។​

ដោយឡែក ការទិញវត្ថុអនុវស្សវរីយ៍កាដូរឲ្យគ្នា ​ក៏មានការធ្លាក់ចុះជាង២ភាគ៣ដែរ (២០០៩៖ ៥៦.៣% ទល់នឹង​២០១៩៖ ២១.៦%) ជាពិសេសការឲ្យផ្កាតែម្តង មានការធ្លាក់ចុះជាងគេ។ ប៉ុន្តែនិន្នាការយុវវ័យ ដែលមានគូរគឺមានការកើនឡើងនូវការទិញវត្ថុជាកាដូរថ្លៃៗ ដូចជាខោអាវ តុក្កតា និងគ្រឿអលង្ការឲ្យមិត្តស្រី និងមិត្តប្រុសរបស់ពួកគេទៅវិញ។ នេះបើតាមរបាយការណ៍ដដែល។

លោក តុង សុប្រាជ្ញ បានសង្កត់ធ្ងន់ទៀតថា អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ ដែលអាចនឹងរួមភេទជាមួយគ្នានៅថ្ងៃនៃក្តីស្រឡាញ់ខាងមុខនេះ ត្រូវបានព្យាករណ៍ថា នឹងមានការធ្លាក់ចុះជាងពាក់កណ្តាល បើប្រៀបធៀបជាមួយនឹងការសិក្សាកាលពី១០ឆ្នាំមុន (២០០៩៖ ១២.៤% ទល់នឹង​២០១៩៖ ៥.៤%)។ ការដែលមានបំណងរួមភេទនៅថ្ងៃនៃក្តីស្រឡាញ់នេះ មានទំនាក់ទំនងគ្នាយ៉ាងជាក់លាក់គឺការដែលនិយមថ្ងៃនៃក្តីស្រឡាញ់នេះថា ជាថ្ងៃពិសេសសម្រាប់យុវវ័យនោះគឺមាននិន្នាការធ្លាក់ចុះជាងពាក់កណ្តាលដូចគ្នាប្រៀបធៀប កាលពីការសិក្សាស្រាវជ្រាវ១០មុនពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩៕

ខាងក្រោមនេះគឺជារបាយការណ៍សង្ខេបដែលស្រាវជ្រាវឡើងដោយ លោក តុង សុប្រាជ្ញ៖

 

សម្រាប់លោកអ្នកដែលចង់ទាញយកឯកសាររបាយការណ៍ខាងលើនេះ សូមចុចនូវដំណរភ្ជាប់ (Link) ខាងក្រោមនេះ៖

 

https://soprach.com/love-and-sexual-relationships-a-decade-later-wealthier-young-people-regarding-valentines-day/