(ភ្នំពេញ)៖ សង្រ្គាមទីផ្សារទូរស័ព្ទដៃកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីទាក់ទាញអតិថិជនរបស់ពួកគេទាំងគុណភាព និងតម្លៃ។
មានក្រុមហ៊ុនស្មាតហ្វូនចំនួន៥ ដែលកំពុងមានភាពលេចធ្លោខ្លាំងក្នុងទីផ្សារទូរស័ព្ទ មិនថានៅក្នុងប្រទេសកម្ពុជា ឬបណ្តាប្រទេសនៅលើ សកលលោកនោះទេ ដែលក្នុងនោះមានស្មាតហ្វូន Apple, Samsung, OPPO, LG និង Sony ជាដើម។ Apple, Samsung ជាប្រភេទស្មាតហ្វូនជំនាន់ចាស់ទុំជាងគេដែលមានការគាំទ្រច្រើន។
តាមការសង្កេតជាទូទៅ បានឱ្យដឹងថា មនុស្សដែលមានវ័យពី១៥ឆ្នាំ ឡើងដល់៤៥ឆ្នាំ សុទ្ធតែមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ទាំងអស់ ដោយអ្នកខ្លះមានទូរស័ព្ទផ្ទាល់ខ្លួន១គ្រឿង ហើយអ្នកខ្លះទៀតមាន២គ្រឿង ៣គ្រឿងក៏មាន ដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃ និង តម្រូវការជាចំាបាច់របស់ពួកគេ ។
ដោយសង្កេតឃើញកត្តាទាំងអស់នេះ ទើបជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទល្បីៗទាំងអស់ ខិតខំប្រឹងប្រែងរកអ្វីដែលថ្មីសម្រាប់ផលិតម៉ូឌែល ទូរស័ព្ទជំនាន់ក្រោយៗ របស់ពួកគេឱ្យកាន់តែល្អ និងទាក់ទាញ។ អ្វីដែលផលិតករទូរស័ព្ទ និង ម្ចាស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនតែងតែគិតគូរនោះ ការរចនារូបរាងខាងក្រៅដែលមានភាពទាក់ទាញ និងគុណភាពផ្នែកខាងក្នុងដែលទាន់សម័យប្រកបដោយបច្ចេកវិទ្យាទំនើប និង តម្លៃសមរម្យអាចទទូលយកបានក្នុងទីផ្សារទូរស័ព្ទ។
ចំណែកម៉ូឌែល LG និង Sony វិញជាប្រភេទស្មាតហ្វូនដែលបានកសាងកេរ្ត៍ឈ្មោះយូរមកហើយដែរ ហើយមនុស្សជំនាន់ថ្មីមួយចំនួននៅតែប្រើប្រាស់ ម៉ូឌែលទូរស័ព្ទទាំងនេះទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។
ស្របពេលជាមួយគ្នានេះដែរ បើយើងក្រលេកមើល ស្មាតហ្វូនម៉ូឌែលជំនាន់ថ្មីៗ អីឡូវនេះវិញ ហាក់មានចំណុចលេចធ្លោកាន់តែខ្លាំងបន្ថែមទៀត ដែលអាចអន្ទោងចិត្តអ្នកប្រើប្រាស់ទូរស័ព្ទ សឹងតែគ្រប់វ័យ នោះគឺស្មាតហ្វូនរបស់ OPPO តែម្តង ដែលគ្រប់ម៉ូឌែលរបស់ក្រុមហ៊ុននេះតែងតែទទួលបានការគាំទ្រខ្លាំងតាំងពីឆ្នាំ២០១៦មកម្ល៉េះ នៅក្នុងប្រទេសកម្ពុជា។
ដូចដែលលោកអ្នកធ្លាប់បានដឹងស្រាប់ហើយថាម៉ូឌែល F9 និងR17 Pro ជាអ្នកជំនាន់ក្រោយរបស់ OPPO ពិតជាប្លែកភ្នែក និងទាក់ទាញខ្លាំង មែនទែន ទាំងរូបរាងខាងក្រៅ និង ពណ៌បែប Gradient។
ជាពិសេសគឺម៉ូឌែល R17 Pro ដែលមានទំហ Ram 8GB កាមេរ៉ាបែបបច្ចេកវិទ្យាដ៏ទំនើប និងបច្ចេកវិទ្យាសាកថ្ម Super VOOC សាកត្រឹមតែរយៈពេលខ្លី និងមានសុវត្ថិភាពថែមទៀតផង ដែលអាចនិយាយថាបានថាបានធ្វើ ឱ្យម៉ូឌែលស្មាតហ្វូនជំនាន់ចាស់ៗ មានការញាក់សាច់តែម្តង ពីព្រោះតែអតិថិជនយ៉ាងច្រើនលើសលុប បានសម្រុកទៅជាវទូរស័ព្ទម៉ូឌែលថ្មីៗរបស់ OPPO ភ្លូកទឹកភ្លូកដី ដែលធ្វើឱ្យអត្រាលក់ចេញរបស់ក្រុមហ៊ុននេះ នៅលើទីផ្សារហក់ឡើងខ្ពស់ស្ទើរមិនគួរឱ្យជឿ។
ដូច្នេះយើងទាំងអស់គ្នារង់ចាំមើលជាបន្តទៅទៀតថា ម៉ូឌែលទូរស័ព្ទណាខ្លះដែលអាចទាក់ទាញអ្នកប្រើប្រាស់បានច្រើនជាងគេ តើម៉ូឌែលទូរស័ព្ទណាមានប្រជាបប្រិយភាពខ្លាំងជាងគេនៅឆ្នាំបន្តបន្ទាប់៕