(ភ្នំពេញ)៖ ក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក (Paragon Education Company Limited) បានធ្វើជាម្ចាស់នៃការរៀបចំពិធីជប់លៀង ដើម្បីអបអរសាទរ ការចុះអនុស្សរណៈយោគយល់ ជាមួយវិទ្យាសា្ថនពហុបច្ចេកទេស (Southern Alberta Institute of Technology) នៃប្រទេសកាណាដា។
គ្រឹះស្ថានអប់រំ ផារ៉ាហ្គន ប្ដេជ្ញាធ្វើឲ្យយុវជនកម្ពុជា បន្តការរីកចម្រើនឆ្ពោះទៅមុខ ក្នុងផ្នែកបច្ចេកវិទ្យា តាមរយៈភាពជាដៃគូជាមួយ វិទ្យាស្ថានពហុបច្ចេកទេស ដែលឈានមុខគេ របស់ប្រទេសកាណាដា។ SAIT ជាវិទ្យាស្ថានពហុបច្ចេកទេស នៃប្រទេសកាណាដា ដែលបណ្ដុះបណ្ដាលនិស្សិតរបស់ខ្លួន ឲ្យទទួលបានចំណេះជំនាញ និងសមត្ថភាព ស្របតាមតម្រូវការនៃពិភពបច្ចេកវិទ្យាបច្ចុប្បន្ន។
វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១៦ ហើយបានផ្ដល់នូវកម្មវិធីសិក្សាជាង១០០កម្មវិធី ដែលផ្ដល់សញ្ញាបត្រ និងវិញ្ញាបនបត្រមានតម្លៃខ្ពស់។ វិទ្យាសា្ថននេះ បានជួយឲ្យនិស្សិតត្រៀមខ្លួន សម្រាប់ការងារផ្សេងៗ នៅក្នុងវិស័យពាក់ព័ន្ធ ជាពិសេសការងារបច្ចេកទេស ខណៈដែលប្រទេសកាណាដា ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលឈានមុខគេមួយ នៅក្នុងពិភពលោកលើផ្នែកនវានុវត្តន៍បច្ចេកវិទ្យា។
ពិធីជប់លៀងខូកធែល ដើម្បីអបអរការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងស្ថាប័នអប់រំទាំងពីរ បានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះ។
លោកស្រី ជា សុផាកន្នី ប្រធានក្រុមប្រឹក្សាភិបាល បានចុះហត្ថលេខាជាតំណាង ក្រុមហ៊ុនផារ៉ាហ្គនអេឌ្យូខេសិន ឯ.ក ដោយឡែក លោកស្រី យូឌី ផេដឺសិន (Judy Pedersen) ប្រធានផ្នែកអភិវឌ្ឍន៍អតិថិជនអន្តរជាតិ បានធ្វើជាតំណាង Southern Alberta Institute of Technology អំឡុងអង្គពិធីនេះផងដែរ។
បន្ថែមពីនេះ ក៏មានផងដែរនូវវត្តមាន និងអធិបតីភាពរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក អ៊ាង សុផល្លែត ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលផារ៉ាហ្គន និង លោកស្រី ដូនីកា ផត់ធី (Donica Pottie) ឯកអគ្គរាជទូតកាណាដា ប្រចាំកម្ពុជា។
មុខវិជ្ជាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងព័ត៌មានវិទ្យា រួមនឹងជំនាញវិស្វកម្ម និងគ្រប់គ្រងពាណិជ្ជកម្ម គឺជាមុខជំនាញស្នូល នៃការអប់រំនៅសាកលវិទ្យាល័យផារ៉ាហ្គន ខណៈដែលសិស្សានុសិស្ស ពីសាលាអន្តរជាតិផារ៉ាហ្គន គ្រប់សាខាក៏ត្រូវបានណែនាំ ឲ្យរៀនស្គាល់មុខវិជ្ជាទាំងនេះ ចាប់ពីកម្រិតដំបូងមក។
កិច្ចសហប្រតិបត្តិការថ្មី ជាមួយស្ថាប័ននៃប្រទេសកាណាដានេះ នឹងពង្រីកនូវវិសាលភាព និងបង្កើនឱកាសដល់សិស្ស-និស្សិត ព្រមទាំងផ្ដល់ជូនពួកគាត់ នូវចំណេះដឹងកាន់តែប្រសើរឡើង ជុំវិញវិស័យនានា ដែលកំពុងសម្រួចអនាគតពិភពលោក៕