(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់រង្វាន់ នៃការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំ នៅក្នុងទីរួមខេត្តកំពង់ស្ពឺ។

ពិធីនេះ ក៏មានការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក ម៉ៃ តុលា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ, លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ និងយុវជនប្រមាណ៦០០នាក់។ ពិធីនេះ រៀបចំឡើងដោយក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា «ណាហ្គាវើលដ៍បេះដូងសប្បុរស»

ការប្រកួតនេះ គឺជាផ្នែកមួយ នៃកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ ក្នុងខេត្តកំពង់ស្ពឺ ដែលជាគំនិតផ្តួចផ្តើមរយៈពេល២ឆ្នាំ របស់ណាហ្គាវើលដ៍បេះដូងសប្បុរស សហការជាមួយសហព័ន្ធកីឡា បាល់ទាត់កម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយបណ្តុះបណ្តាល កីឡាករ-កីឡាការិនី បាល់ទាត់ជំនាន់ក្រោយ នៅតាមសហគមន៍។

ក្នុងខែវិច្ឆិកា កាលពីឆ្នាំមុន គ្រូកីឡា១២០នាក់ មកពីអនុវិទ្យាល័យ និងវិទ្យាល័យ៩៤ ក្នុងខេត្តកំពង់ស្ពឺ បានទទួលការបណ្តុះបណ្តាលបច្ចេកទេស បង្ហាត់កីឡាបាល់ទាត់អាជីព ដែលផ្តល់ដោយក្លឹបបាល់ទាត់ ណាហ្គាវើលដ៍ ដែលជាជើងឯកមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨។

បន្ទាប់ពីការហ្វឹកហាត់ រយៈពេល២ខែ មានក្រុមសរុប២៨ក្រុម (ក្រុមកុមារាមាន១៩ក្រុម និងកុមារីមាន៩ក្រុម) បានចូលរួមក្នុងការប្រកួតបាល់ទាត់ខ្នាតតូចអាយុក្រោម១៨ឆ្នាំ ដែលធ្វើឡើងនៅទីលាន នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែមករា ឆ្នាំ២០១៩។

នាឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថា រដ្ឋាភិបាល ប្តេជ្ញាអភិវឌ្ឍអត្តពលិក និងលើកកម្ពស់ស្តង់ដារ នៃការបង្ហាត់កីឡា នៅតាមសាលារៀន ដែលវានឹងអាចផលិតកីឡាករឆ្នើម សម្រាប់ក្លឹបក្នុងស្រុក ក៏ដូចជាក្រុមជម្រើសជាតិ។

លោក Pern Chen បានថ្លែងថា «ការអភិវឌ្ឍវិស័យកីឡា គឺជាគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមគំនិតផ្តួចផ្តើមសំខាន់ទាំង៤ របស់ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស។ យើងមានគោលបំណងអភិវឌ្ឍកម្មវិធី កីឡាសម្រាប់សហគមន៍ និងលើកទឹកចិត្ត ឲ្យយុវជនចូលរួមលេងកីឡា ដើម្បីបង្កើនសាមគ្គីភាពជាក្រុម មិត្តភាព និងភាពជាអ្នកដឹកនាំ»

លោកបានបន្ថែមទៀតថា «យើងក៏មានគោលបំណងអភិវឌ្ឍ កីឡាករ-កីឡាការិនីបាល់ទាត់ ដ៏មានសក្តានុពល និងជួយបង្កើនសមត្ថភាពពួកគេ ដើម្បីឲ្យពួកគេមានទំនុកចិត្តជាងមុន ក្នុងការប្រកួតក្នុងទីលាន និងក្រៅទីលានផងដែរ»

ដោយឡែក អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា «យើងមានសេចក្តីសោមនស្សរីករាយ ដែលណាហ្គាវើលដ៍ និងអង្គភាពពាក់ព័ន្ធ រៀបចំកម្មវិធីដ៏ល្អនេះឡើង ក្នុងខេត្តរបស់យើង ដែលនឹងផ្តល់ផលប្រយោជន៍ ដល់សិស្សានុសិស្សអាយុ១៤ ដល់១៨ឆ្នាំ ប្រមាណ១៨,៥០០នាក់»

សូមបញ្ជាក់ថា ដើម្បីជួយគាំទ្រ ដល់ការអភិវឌ្ឍកីឡាបាល់ទាត់ ក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍ បានសហការជាលក្ខណៈយូរអង្វែង ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយនឹងបន្តផ្តល់រង្វាន់ ដល់អត្តពលិកកម្ពុជា ដែលទទួលបានជ័យជម្នះ នៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជា កីឡាទ្វីបអាស៊ី និងកីឡាអាស៊ីអាគ្នេយ៍ ជាដើម៕