(កំពត)៖ ខណៈថ្ងៃរៀបចំធ្វើលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ រួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ខិតជិតមកដល់នោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានផ្តល់នូវអនុសាសន៍ដ៏មានអត្ថន័យមួយចំនួន ដល់បណ្តាលអង្គភាពពាក់ព័ន្ធទាំងអស់ ឱ្យខិតខំប្រឹងប្រែង ធ្វើការតាមជំនាញ និងកែសម្រួលនូវចំណុចខ្វះខាតរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ដំណើរការធ្វើលំហាត់សមយុទ្ធមិត្តភាពនេះ ទទួលបានលទ្ធផលល្អជាងបណ្តាលឆ្នាំមុនៗ។
ការផ្តល់អនុសាសន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទរូបនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីលានធ្វើសមយុទ្ធមិត្តភាពរួមគ្នារវាងកម្ពុជា-ចិន ស្ថិតនៅចំណុចទីលានបាញ់គ្រាប់ពិត ហ៊ុន សែន ជុំគិរី ដែលស្ថិតនៅស្រុកជុំគិរី ខេត្តកំពត។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ដូច្នេះសម្រាប់ឱ្យដំណើរនេះឈានទៅរកជោគជ័យនោះ ក្រុមការងាររួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវប្តេជ្ញាចូលរួមសហការគ្នាឱ្យបានល្អ ទៅលើភារកិច្ចរបស់អង្គភាពរៀងៗខ្លួន ត្រូវយកចិត្តទុកដាក់អនុវត្ត ឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវតាមផែនការកំណត់ និងត្រូវធានាសុវត្ថិភាពទាំងមនុស្ស និងសម្ភារផងដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ដោយឡែកចំណុមួយចំនួនដែលនៅខ្វះចន្លោះ សូមឱ្យបណ្តាលអង្គភាពពាក់ព័ន្ធមេត្តា លើយកមកពិភាក្សាគ្នា ឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកដំណោះស្រាយឱ្យស្របតាមស្ថានភាពជាក់ស្តែងផងដែរ។
លំហាត់សមយុទ្ធ «នាគមាសឆ្នាំ២០១៩» រវាងកម្ពុជា និងចិន នឹងព្រឹត្តទៅក្រោមរបៀបវរៈ «ប្រឆាំងភេរវកម្ម និងផ្នែកមនុស្សធម៌» ខណៈសមយុទ្ធនេះ នឹងប្រព្រឹត្តទៅនៅអំឡុងខែមីនា ឆ្នាំ២០១៩ខាងមុខ ដោយមានលក្ខណៈទ្រង់ទ្រាយធំជាងបណ្តាលឆ្នាំកន្លងទៅផងដែរ។ លំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ ដែលនឹងធ្វើជាមួយកងទ័ពចិននោះ នឹងប្រព្រឹត្តទៅធំជាងមុន និងល្អជាងមុន ដើម្បីធ្វើយ៉ាងណាឱ្យកងទ័ព នៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀតក្នុងបេសកកម្មការងាររួមគ្នានោះ។
សូមជម្រាបថា ទីតាំងលំហាត់ហ្វឹកហ្វឺននាគមាសនេះ ត្រូវបានកងពលតូចលេខ៧០ កំពុងធ្វើសកម្មភាពរៀបចំកសាងទីលាន អគារស្នាក់នៅ ប្រព័ន្ធផ្លូវចល័តនៃលំហាត់ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ដែលបម្រើឱ្យសកម្មភាពលំហាត់នាគមាសកម្ពុជា-ចិន ឆ្នាំ២០១៩ នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់សាលាហ្វឹកហ្វឺន តេជោសែន របស់កងពលតូចលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រវាលចំបក់ ប្រជុំភ្នំព្រះ ភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត៕