(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអង្គការ GIZ ដែលគាំទ្រដោយរដ្ឋាភិបាលអាល្លឺម៉ង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះហត្ថលេខា និងប្រកាសបើកផ្លូវការ កម្មវិធីអភិវឌ្ឍន៍សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម នៅកម្ពុជា។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព សុន សេងហួត អនុរដ្ឋលេខាធិការ តំណាងលោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Guenter Rithmacher នាយកគ្រប់គ្រង អង្គការ GIZ ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពី អ្នកពាក់ព័ន្ធ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតផងដែរ។
ក្នុងឱកាសនោះ លោក សុន សេងហួត បានលើកឡើងថា ពិធីចុះហត្ថលេខា និងប្រកាសបើកកម្មវិធីអភិវឌ្ឍន៍ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ជាវេទិកាដ៏មានសារៈសំខាន់បំផុតមួយ ក្នុងការផ្តល់នូវបច្ចុប្បន្នភាព ព័ត៌មាន ក៏ដូចជាគោលនយោបាយថ្មីៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្ត បន្តនូវការងារជំរុញលើកទឹកចិត្ត ដល់វិស័យសហគ្រាសខ្នាតមីក្រូតូច និងមធ្យម នៅក្នុងកម្ពុជា។
លោកបន្ថែមថា វេទិការនេះក៏បានចូលរួមស្តាប់អំពីលទ្ធផល នៃកម្មវិធីអភិវឌ្ឍន៍សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម នៅកម្ពុជា ព្រមទាំងការផ្តល់នូវធាតុចូល ពីគ្រប់ភាគីពាក់ព័ន្ធជាពិសេស GIZ អំពីបញ្ហាប្រឈមនានា របស់សហគ្រាសខ្នាតមីក្រ តូច និងមធ្យម នៅកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់នូវ សុចនាករថ្មីមួយ ក្នុងគោលបំណងបង្កលទ្ធភាពងាយស្រួល ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ឲ្យមានលទ្ធភាពអភិវឌ្ឍន៍កែលម្អខ្សែរចង្វាក់ផលិតកម្ម និងពង្រីកអាជីវកម្មរបស់ខ្លួន។
មន្ដ្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មរូបនេះ បញ្ជាក់ទៀតថា ស្របពេលនឹងការទទួលបានការលើកទឹកចិត្ត សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ទៅលើ
ផ្នែកពន្ធដារ និងទទួលបានហិរញ្ញប្បទាន ក្រសួងក៏បានចូលរួមដោះស្រាយ និងស្វែងរកដំណោះស្រាយផ្សេង ទៀតអំពីបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងផ្នែក ផ្សេងៗទៀត ដូចជា បញ្ហាគុណភាពរបស់ផលិតផលស្តង់ដា ការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
លើសពីនេះ លោក សុន សេងហួត ស្នើឲ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមខ្លួនឯងផ្ទាល់ ត្រូវខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍន៍ខ្លួនបន្ថែម ព្រមទាំងព្យាយាមរកនូវបច្ចេកទេស បច្ចេកវិទ្យា គ្រឿងចក្រ គ្រឿងម៉ាស៊ីនទំនើប និងទាន់សម័យក្នុងផលិតកម្ម ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង ឈ្នះរបស់ខ្លួនលើទីផ្សារក្នុងស្រុក និងក្រៅស្រុក។
ជាមួយគ្នានេះ លោក ឡាំ គីមឡេង អគ្គនាយកសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ក៏បានសូមថ្លែងអំណរគុណចំពោះចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានលះបង់ធនធានបង្កើតគម្រោងនេះឡើង ដើម្បីជួយអភិវឌ្ឍន៍សហគ្រាសខ្នាតមីក្រូ តូច និងមធ្យ នៅកម្ពុជា។ លោកថា គម្រោងនេះផ្តោតសំខាន់ទៅលើការ ពង្រឹងសមត្ថភាពគ្រប់គ្រង បច្ចេកទេសផលិតកម្មល្អ អនាម័យល្អ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ប្រសិទ្ធផល ក្នុងខ្សែរចង្វាក់ផលិតកម្ម។
ដោយឡែក លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងជាប្រធានគម្រោងនេះ បានធ្វើការប្ដេជ្ញាចិត្ត នឹងបន្ដកិច្ចសហការជាមួយ អង្គការ GIZ ដើម្បីឲ្យកសាងផែនការសកម្មភាពលម្អិត ក្នុងន័យសម្រេចបាននូវផែនការនៃគម្រោងនេះ ឲ្យទទួលបានជោគជ័យបន្ថែមទៀត។
សូមជម្រាបថា គម្រោងនេះមានរយៈពេល៣ឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ ដែលមានថវិកាចំនួន៣លានយូរ៉ូ (ប្រហែលជាង ៣,៣ លានដុល្លារអាមេរិក)។ លោក ឈាន ឡាយហ៊ី បានបន្ថែមថា ខេត្តដែលត្រូវអនុវត្តនូវគម្រោងនេះរួមមាន បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ៕