(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងអញ្ជើញជាអធិបតីក្នុងយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្ត ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្លឹប​នៃក្តីស្រឡាញ់ សាខាកាកបាទក្រហមរាជធានីភ្នំពេញ សមាគម ក្រុមហ៊ុនឯកជន និងដៃគូសហការជាច្រើនទៀត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» ដែលប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម (ជាប់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត)។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យយុវជន និងប្រជាជននៅទូទាំងប្រទេស បបួលគ្នាចូលរួមផ្តល់ឈាម ឲ្យបានច្រើនកុះករ នៅតាមមជ្ឈមណ្ឌលផ្តល់ឈាម នៅភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដើម្បីចែករំលែកសេចក្តីស្រលាញ់ និងដើម្បីជួយជីវិតជនរងគ្រោះដែលកំពុងត្រូវការឈាម។

សូមបញ្ជាក់ថា «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» គឺជាពាក្យស្លោកដ៏សំខាន់មួយ ជាពិសេសក្នុងឱកាស ដែលយុវជនតែងតែបានចាត់ទុកថ្ងៃទី១៤ ខែកុម្ភៈ ជាទិវានៃក្តីស្រលាញ់ ហើយនាំគ្នាផ្តល់ឈាម ដើម្បីបង្កើតជាទម្លាប់ល្អមួយ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ និងចែករំលែកសេចក្តីស្រលាញ់ សម្រាប់សង្គមជាតិយើងទាំងមួល។

លោករដ្ឋមន្រ្តី ក៏បានជំរុញឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម បង្កើនការអប់រំផ្សព្វផ្សាយ និងបង្កើតឲ្យមានយុទ្ធនាការបរិច្ចាគឈាមច្រើនថែមទៀត ដើម្បីធ្វើឲ្យយុវជន ប្រជាជន យើងបានចូលរួមបរិច្ចាគឈាមកាន់តែច្រើន។

ជាមួយគ្នានេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏មានកាដួអនុស្សាវរីយ៍ដូចជា អាវយឺតផ្តល់ឈាម និងផ្កាកុលាប សម្រាប់សប្បុរសជនបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម៕