(ភ្នំពេញ)៖ ក្រុមហ៊ុនផ្នែកសម្ផស្សធំមួយនៅកម្ពុជាឈ្មោះ Luxury Smile Beauty Group (Cambodia) បានសហការជាដៃគូរពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន Khanittar Group ជាក្រុមហ៊ុនផលិតគ្រឿងថែរក្សាសម្ផស្សធំក្នុងប្រទេសថៃ ដើម្បីផលិត និងចែកចាយគ្រឿងថែរក្សាសម្ផស្សគ្រប់ប្រភេទនៅកម្ពុជា។
ការចុះហត្ថលេខាជាដៃគូអាជីវកម្មនេះ ធ្វើឡើងរវាងលោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ អគ្គនាយកក្រុមហ៊ុន Luxury Smile Group (Cambodia) និងលោកស្រី Khanittar KoonsunitarWong អគ្គនាយកក្រុមហ៊ុន Khanittar Group ព្រមទាំងមានការចូលរួមពីលោកស្រី Sasitan Laorojpinyo អគ្គនាយកក្រុមហ៊ុន Luxury Smile Group (Cambodia) និងជាវេជ្ជបណ្ឌិតឯកទេសខាងគ្រឿងសម្អាង និងសម្ផស្សផងដែរ។
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ឲ្យដឹងថា ការសហការជាដៃគូរពាណិជ្ជកម្មនេះ ធ្វើឡើងបន្ទាប់ពីសម្លឹងឃើញថា វិស័យសម្ផស្សមានការរីកចម្រើន និងមានការពេញនិយមច្រើន ហើយនឹងបន្ដរីកលូតលាស់ដល់៥ឆ្នាំទៅមុខទៀត។
លោកបន្ដថា ដោយផ្អែកទៅលើចំនុចនេះហើយ ដែលធ្វើឲ្យពួកយើងមានចក្ខុវិស័យ ទៅលើការបង្កើតរោងចក្រផលិតគ្រឿងសម្អាង ខាងផ្នែកសម្ផស្សគ្រប់ប្រភេទ ដើម្បីសម្រួលដល់បងប្អូន និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានភាពងាយស្រួល ក្នុងការធ្វើអាជីវកម្ម និងជាវផលិតផលដើម្បីប្រើប្រាស់។
លោកឧកញ៉ាបន្ថែមថា ក្រុមហ៊ុន Luxury Smile Group (Canadia) នឹងនាំចូលសិទ្ធិទិញអាជីវកម្ម (Franchise)ធំៗព្រមទាំងទទួលផលិតគ្រឿង ថែរក្សាសម្ផស្សគ្រប់ប្រភេទ និងទទួលធ្វើម៉ាកយីហោលើផលិតផលផ្ទាល់ខ្លួន ពីខាងក្រៅប្រទេសមានដូចជា៖ ប្រទេសអាមេរិក, បារាំង, កូរ៉េ, ថៃ, សិង្ហបុរី, ចិន,ឡាវ និងវៀតណាមជាដើម។
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ បញ្ជាក់បន្ថែមថា «យុទ្ធសាស្ត្រដៃគូសហប្រតិបត្តិការនេះ នឹងធ្វើក្រុមហ៊ុន Luxury Smile Group និងក្រុមហ៊ុន Khanittar Group កាន់តែមានភាពស្និតស្នាល និងទំនាក់ទំនងល្អរវាងគ្នានិងគ្នាទ្វេរឡើង ព្រមទាំងរួមដៃគ្នាជួយសម្រួលលើសេវាកម្មថែរក្សាសម្ផស្ស និងទំនុកចិត្តជូនអតិថិជនផងដែរ»។
លោកស្រី Khanittar KoonsunitarWong ឲ្យដឹងថា «កន្លងមកក្រុមហ៊ុន Khanitar Group បានធ្វើការងាររួមគ្នាជាមួយនឹងក្រុមហ៊ុន Luxury Smile Beauty Group ជាយូរមកហើយទើបតែ ថ្ងៃនេះក្រុមហ៊ុនទាំង២បានសម្រេចចុះហេត្ថលេខាជាដៃគូរពាណិជ្ជកម្មផ្លូវការ ដើម្បីជ្រើសរើសយកក្រុមហ៊ុនខាងសម្ផស្សដ៏ធំជាងគេ នៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុន Luxury Smile Beauty Group ដែលទទួលនាំចូលនាំចេញ និងបង្កើតម៉ាកគ្រឿងសម្អាង (Brand) ផ្ទាល់ខ្លួនគ្រប់ប្រភេទនៅក្នុងកម្ពុជា មកធ្វើជាដៃគូសហការអាជីវកម្មលើវិស័យនេះ»។
លោកស្រី Sasitan Laorojpinyo ឲ្យដឹងផងដែរថា «ដោយមើលឃើញពីភាពរីកលូតលាស់ នៃគ្រឿងថែរក្សាសម្ផស្សនៅកម្ពុជា កំពុងមានការរីកចម្រើនលូតលាស់នាពេលបច្ចុប្បន្ននេះ ខ្ញុំសូមផ្តល់យោបល់ និងមតិដល់ប្រជាជនខ្មែរ ដែលមានបំណងចង់ប្រកបអាជីវកម្មទាក់ទង នឹងគ្រឿងថែរក្សាសម្ផស្សនេះ សូមទំនាក់ទំនងមកខ្ញុំផ្ទាល់ព្រោះ នាងខ្ញុំជាអ្នកជំនាញលើវិស័យនេះជាយូរឆ្នាំមកហើយ។ ជាក់ស្ដែងនាងខ្ញុំមានគ្លីនិកថែរក្សាសម្ផស្ស និងរោងចក្រផលិតផលិតផលគ្រឿងសម្អាង នៅក្នុងប្រទេសថៃផងដែរ»។
លោកស្រីបន្ដថា «ខ្ញុំគ្រោងនឹងបើកក្រុមហ៊ុនបម្រើលើសេវាកម្មថែរក្សាសម្ផស្សនេះ នៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ»។
បន្ថែមពីនេះលោកស្រី Sasitan Laorojpinyo បានពន្យល់ណែនាំពីអាជីវកម្មថែរក្សាសម្ផស្ស ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែយល់ដឹងច្បាស់ផងដែរ ដើម្បីឲ្យមានភាពជឿជាក់ និងទំនុកចិត្តក្នុងការប្រកបអាជីវកម្មលើវិស័យនេះ៕