(ស្វាយរៀង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង​ សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទំនិញជាច្រើនមុខ ដោយផ្តោតសំខាន់ទៅលើគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ នៅផ្សារវាលយន្តក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងគោលបំណងធានាសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ។

លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា មន្ត្រីជំនាញបានធ្វើ Test Kits គំរូបឋមចំនួន១២មុខទំនិញ ជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីបានរកឃើញ សារធាតុគីមី ដែលដាក់ក្នុងមុខទំនិញងៀតបបែលចំនួន៥,៥គីឡូក្រាម និងជ្រក់ស្ពៃចំនួន៦គីឡូក្រាម ដែលមានសារធាតុអាស៊ីតសាលីស៊ីលិក ដែលវាអាចបំផ្លាញក្រពះពោះវៀនយ៉ាងធ្ងន់ធ្ងរ។

ក្រោយរកឃើញ មន្ត្រីបានយកទៅដុតកម្ទេចចោល ក្នុងនោះមន្ត្រីកាំកុងត្រូល ក៏បានពិនិត្យមើលកាលបរិច្ឆេទទៅលើមុខទំនិញ ដែលដាក់តាំងលក់នៅតាមតូបនានា ក្នុងផ្សារវាលយន្តព្រមទាំងចុះ ទៅពិនិត្យមុខទំនិញនៅកន្លែងតាំងពិពណ៌ពាណិជ្ជកម្មថៃនៅក្រុងស្វាយរៀងផងដែរ។

ជាមួយគ្នានោះ លោកប្រធានកាំកុងត្រូលខេត្តស្វាយរៀង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល បានសន្យានឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀតផងដែរ៕​