(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ អាជីវករ ក្រុមហ៊ុនអ្នកនាំចេញកសិផលដំឡូងមី តាមមាត់ច្រកម៉ាឡៃ ស្នើសុំកិច្ចអន្តរាគមន៍ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ធ្វើការសំរួល និងកាត់បន្ថយបែបបទដោយរក្សាទុក ដូចពីមុន គឺអនុញ្ញាតិឲ្យឡានចូលមកដឹកកសិផលខ្មែរ បំពេញបែបបទជាមួយស្ថាប័នគយ រួចជាការស្រេច គឺឡានអាចចូលទៅដឹកកសិផលបាន ជៀសវៀងការរាំងស្ទះដល់ការនាំចេញកសិផល។
ការស្នើរបស់ប្រជាពលរដ្ឋ អាជីវករ និងក្រុមហ៊ុននាំចេញយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្ថាប័នសាលាខេត្តដែលឈរជើងនៅមាត់ច្រកម៉ាឡៃ ទាមទារឲ្យឡានទាំងអស់ ដែលចូលមកដឹកកសិផល ទៅបំពេញបែបបទមួយកន្លែងទៀត គឺ នៅកន្លែងស្ថាប័នសាលាខេត្ត ដែលជាហេតុធ្វើឲ្យមានការលំបាក និងយឺតយ៉ាវពេលវេលាដល់អ្នកនាំចេញកសិផលយ៉ាងខ្លាំង ព្រោះនៅមាត់ច្រកម៉ាឡៃនេះ ភាគីគយថៃបិទឈប់ពិនិត្យទំនិញ និងឯកសារត្រឹមម៉ោង៤រសៀលប៉ុណ្ណោះ ការប្រើប្រាស់បច្ចេកទេសផ្សេងៗ ដើម្បីបង្អូសពេលវេលា គឺធ្វើឲ្យអ្នកនាំចេញកសិផល មានការលំបាកយ៉ាងខ្លាំង ហេតុនេះអ្នកនាំចេញស្នើសុំបំពេញបែបបទត្រឹមកន្លែងស្នាក់ការគយ និងរដ្ឋាករ ដូចរាល់ដងវិញ។
តំណាងអ្នកនាំចេញបានលើកឡើងទៀតថា អ្នកនាំចេញកសិផលកំពុងតែមាន ការព្រួយបារម្មណ៍យ៉ាងខ្លាំង ព្រោះពេលនេះតំលៃកសិផលកំពុងមានការធ្លាក់ចុះជាបណ្តើរៗ ហើយប្រសិនបើត្រូវបំពេញបែបបទស្មុគស្មាញ ប្រើប្រាស់ពេលវេលាយូរជាងមុនទៀតនោះ នឹងរឹតតែលំបាកថែមទៀត។
ប្រជាពលរដ្ឋ អាជីវករអ្នកនាំចេញទាំងអស់សង្ឃឹមថា និងទទួលបានកិច្ចអន្តរាគមន៍ ពីសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយជំរុញទៅអភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាស្ថាប័នសាលាខេត្តបន្ទាយមានជ័យ ប្រចាំមាត់ច្រកម៉ាឡៃ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកនាំចេញទាំងអស់ ក្នុងការជំរុញការនាំចេញ កសិផលរបស់ប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាជួយបង្កនូវបរិយាកាសងាយស្រួលដល់ក្រុមអ្នកធ្វើធុរកិច្ចទាំងអស់ ស្របតាមគោលនយោបាយកំណែទំរង់ផ្ទៃក្នុងស៊ីជំរៅ កាត់បន្ថយការិយាធិបតេយ្យ សំរួលបែបបទ របស់រាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ភ្លឺស្វាង ក្រោមម្លប់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃម្ពុជា ជាប្រមុខដឹកនាំ។
យ៉ាងណាបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ មិនទាន់អាចទំនាក់ទំនងស្ថាប័នសាលាខេត្ត ប្រចាំមាត់ច្រកម៉ាឡៃ ដើម្បីបញ្ជាក់រឿងដាក់ឲ្យបំពេញបែបបទបន្ថែមនេះនៅឡើយនោះទេ។
សូមជម្រាបថា ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីការធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច ដោយបញ្ជាក់ថា នៅតាមមាត់ច្រកព្រំដែនទាំងអស់ ទុកតែកម្លាំងពីរស្ថាប័នប៉ុណ្ណោះ គឺស្ថាប័នគយ និងនគរបាលអន្តោប្រវេសន៍ ក្រៅពីនោះគឺត្រូវដកចេញឲ្យអស់។ ការសម្រេចនេះទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីធុរកិច្ចជន ពាណិជ្ជករ អាជីវករ និងអ្នកនាំចេញផងដែរ៕