(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) មួយក្រុមទទួលបានជ័យលាភីជាជើងឯក ពីការប្រកួតខាងផ្នែកស្រាវជ្រាវហិរញ្ញវត្ថុ CFA អន្តរជាតិ និងក្លាយជាអ្នកតំណាងកម្ពុជា ក្នុងការចូលរួមការប្រកួតស្រាវជ្រាវហិរញ្ញវត្ថុ CFA ថ្នាក់តំបន់នៅប្រទេសអូស្រ្តាលី ដែលមានការចូលរួមប្រកួតពីបណ្តានិស្សិតមកពីជាង ២៧ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីភិក។
យោងតាមសេចក្តីប្រកាសព័តមាន កាលពីថ្ងៃទី១១ ខែកុម្ភៈ បានឱ្យដឹងថា និស្សិតសាកលវិទ្យាល័យ AUPP ចំនួន៥នាក់ បានទទួលជ័យជំនះជាជើងឯកនៅកម្ពុជា បន្ទាប់ពីបានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជាមួយ ក្រុមនិស្សិតមកពី CamEd Business School សាកលវិទ្យាល័យហ្សាម៉ាន់ និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត កម្ពុជា។
«នេះជាលើកទី១ហើយ ដែលកម្ពុជាបានចូលរួមក្នុងការប្រកួតស្រាវជ្រាវហិរញ្ញវត្ថុ CFA អន្តរជាតិនេះ។ ការប្រកួតនេះតម្រូវឱ្យនិស្សិតតំណាងសាកលវិទ្យាល័យនីមួយៗបង្កើតរបាយការណ៍ស្រាវជ្រាវ និងធ្វើបទបង្ហាញស្តីអំពីរបាយការណ៍ នៃការវិភាគហិរញ្ញវត្ថុរបស់ក្រុមហ៊ុន PPAP»។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានក្នុងពិធីបិទការប្រកួត ដែលត្រូវបានធ្វើឡើងដោយ សហគមន៍វិនិយោគិនកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា។
និស្សិតជ័យលាភីមកពីសាកលវិទ្យាល័យ AUPP នឹងទៅចូលរួមការប្រកួតថ្នាក់តំបន់ក្នុងទីក្រុងស៊ីដនី ប្រទេស អូស្រ្តាលី ជាមួយនឹងក្រុមនិស្សិតមកពីបណ្តាប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ីប៉ាស៊ីភិក នៅបំណាច់ខែមីនា។
ការប្រកួតស្រាវជ្រាវនៃអ្នកជំនាញវិភាគហិរញ្ញវត្ថុ (CFA Institute Research Challenge) នេះជាការប្រកួតអន្តរជាតិមួយ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាននៃអ្នកជំនាញវិភាគហិរញ្ញវត្ថុ (CFA Institute)។ ការប្រកួតនេះមានការចូលរួមពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។
សាកលវិទ្យាល័យ AUPP ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេ និងតែមួយគត់នៅកម្ពុជា ដែលបណ្តុះបណ្តាល ជំនាញបរិញ្ញាបត្រពីរ (Dual Degree Program) ដែលមានការទទួលស្គាល់ជាសាកល៕