(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង៤០០នាក់ តំណាងឲ្យជាង៦០០គ្រួសារ មកពីភូមិព្រៃវែងលិច និងភូមិព្រៃវែងកើត ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ បាននាំគ្នាយកដែកផ្សារ ធ្វើបណ្តាបិតសេចក្តីជូនដំណឹងនូវលិខិតរបស់ក្រសួងយុត្តិធម៌ និងលិខិតពាក់ព័ន្ធផ្សេងៗ ដល់អាជ្ញាធរមូលដ្ឋាន សាលាខណ្ឌដង្កោ និងអាជ្ញាធរពាក់ព័ន្ធ នៅលើដីរួមភូមិទំហំជាង១៧ហិកតា ដើម្បីកុំឲ្យមានការធ្វើប្លង់ ឬផ្ទេរសិទ្ធិទិញលក់ ដោយមិនមានការឯកភាពពីពួកគាត់។
លោក កែវ សុជាតា ជាតំណាងប្រជាពលរដ្ឋ បានអះអាងថា ដីទំហំជាង១៧ហិកតានេះ ជាដីរួមរបស់ប្រជាជនរស់នៅភូមិព្រៃវែងលិច និងភូមិព្រៃវែងកើត ដែលមានពលរដ្ឋសរុបជាង៦០០គ្រួសារ កំពុងអាស្រ័យផល។
លោកបានរំឭកថា នៅពេលចុងក្រោយនេះ ស្រាប់តែបែកធ្លាយឯកសារទិញលក់ដីរួមនេះ ដោយប្រជាពលរដ្ឋទាំង២ភូមិ មិនបានដឹងទាល់តែសោះ ទើបពួគេសម្រេចចិត្តលើកគ្នា មកធ្វើបណ្តាជូនដំណឹងលើដីនេះតែម្តង ក្នុងបំណងកុំឲ្យមានការទិញលក់ដោយខុសច្បាប់ទៀត។
បើយោងតាមកិច្ចព្រមព្រៀង ដែលពលរដ្ឋបង្ហាញ បានបញ្ជាក់ថា មានឈ្មោះ សំ វុទ្ធី ភេទប្រុស តំណាងឲ្យប្រជាពលរដ្ឋ៦គ្រួសារ បានចុះកិច្ចព្រមព្រៀងជាមួយឈ្មោះ រៀម ចាន់រឿន ភេទស្រី និងឈ្មោះ សាំង ចន ភេទប្រុស ជាតំណាងឲ្យពលរដ្ឋ៦គ្រួសារ យកដីរួមភូមិទំហំ១៧ហិកតា៧៥អា ទៅលក់ឲ្យក្រុមហ៊ុនឯកជនមួយ ក្នុងតម្លៃព្រមព្រៀងគ្នា គឺ៥៨ដុល្លារ ក្នុងមួយម៉ែត្រក្រឡា។
កិច្ចព្រមព្រៀង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់អ្នកទាំង៣ខាងលើ បានបញ្ជាក់ថា ពួកគេសម្រេចយកលុយថ្លៃដីចំនួន៧ដុល្លារ ក្នុងមួយម៉ែត្រក្រឡា ដើម្បីចាត់ចែងដោះស្រាយជាមួយ ប្រជាពលរដ្ឋ ក្នុងភូមិព្រៃវែងលិច និងភូមិព្រៃវែងកើត ដែលមានសៀវភៅគ្រួសារ រស់នៅក្នុងភូមិ ចាប់ចាប់ពី២០០៧។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីនេះជាដីរួមភូមិ តាំងពីដូនតាមក ដូច្នេះបើលក់ត្រូវយកលុយចែកដល់ប្រជាពលរដ្ឋគ្រប់គ្រួសារ មិនអាចបែងចែកលុយឲ្យតែអ្នកមានសៀវភៅស្នាក់នៅក្នុងភូមិ ត្រឹមឆ្នាំ២០០៧ចុះក្រោមនោះទេ។
ម្យ៉ាងទៀត កិច្ចព្រមព្រៀងដែលឈ្មោះ សំ វុទ្ធី, ឈ្មោះ រៀម ចាន់រឿន និងឈ្មោះ សាំង ចន ធ្វើឡើងដោយមានលោក គង់ សំអុល ចៅសង្កាត់ព្រៃវែង ជាអ្នកដឹងឮនោះ គឺក្នុងមានជាតំណាង ឲ្យតែពលរដ្ឋ១២គ្រួសារតែប៉ុណ្ណោះ មិនមែនតំណាងឲ្យប្រជាជនជាម្ចាស់ដីរួមទាំង២ភូមិនោះទេ ដូច្នេះពួកគាត់មិនអនុញ្ញាតឲ្យលក់ដីរួមនេះជាដាច់ខាត លុះត្រាតែមាន ការបែកចែកលុយថ្លៃដីឲ្យមានតម្លាភាព ទើបពួកគាត់យល់ព្រម។
តំណាងប្រជាពលរដ្ឋ បានសំណូមពរឲ្យសាលាសង្កាត់ព្រៃវែង សាលាខណ្ឌដង្កោ និងសាលារាជធានីភ្នំពេញ បញ្ជូនករណីវិវាទដីធ្លី របស់ពួកគាត់ទៅឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងជំនាញ ជួយដោះស្រាយទៅតាមជំនាញឲ្យបានឆាប់ ព្រោះបើនៅតែបន្តទុកយូរទៀត វិវាទនេះអាចប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ខណៈដីតំបន់នេះកំពុងមានតម្លៃខ្ពស់។
សូមជម្រាបជូនថា ប្រជាពលរដ្ឋទាំង២ភូមិ ធ្លាប់បានដាក់ញត្តិទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈក្រសួងយុត្តិធម៌ កាលពីដើមខែមករា ឆ្នាំ២០១៨ ដើម្បីសុំកិច្ចអន្តរាគមន៍ ក្នុងរឿងដីធ្លីនេះ។ ការដាក់លិខិតសុំអន្តរាគមន៍ត្រូវបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានហាមឃាត់ប្រជាជនទាំង២ភូមិ មិនឲ្យអាស្រ័យផលលើដីរួមនោះទៀត ព្រោះមានប្រជាពលរដ្ឋ ១២គ្រួសារ មានសាលក្រម កំបាំងមុខលេខ ២៩ «ឈ» ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ របស់តុលាការក្រុងភ្នំពេញ បញ្ជាក់ថា ពលរដ្ឋ១២គ្រួសារជាម្ចាស់ដី។
នៅពេលលេចមុខពលរដ្ឋ១២គ្រួសារ មកអះអាងថា ជាម្ចាស់ដី និងដោយមានការសហការពីអាជ្ញាធរមូលដ្ឋានផងនោះ ប្រជាពលរដ្ឋទាំង២ភូមិ ចំនួន៦៣៨គ្រួសារ មិនអាចចូលទៅអាស្រ័យផលលើដីទំនាស់ ដែលជាដីដែលពួកគាត់ធ្លាប់គ្រប់គ្រងពីមុននោះទៀតទេ។ ក្រោយពីមានវិវាទនឹងគ្នាយូរពេក ពលរដ្ឋចំនួន៦៣៨គ្រួសារ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ បានសុខចិត្តប្រគល់ដីចំនួន៧ហិកតា ឲ្យទៅភាគីម្ខាងចំនួន១២គ្រួសារ ដើម្បីបញ្ចប់វិវាទ។ ប៉ុន្តែមកដល់ឆ្នាំ២០១៩នេះ បែរជាមានអ្នកចេញមុខមកថា ជាតំណាងប្រជាពលរដ្ឋ១២គ្រួសារ សហការគ្នាយកដីទាំងជាង១៧ហិកតា ទៅលក់ដោយស្ងាត់ៗតែម្តង។
យោងតាមលិខិតលេខ០២៥០ កយចសរវណ/១៨ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រសួងយុត្តិធម៌ គោរពជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើសុំឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយរកការឯកភាពពីប្រជាពលរដ្ឋ១២គ្រួសារ និងអនុវត្តឲ្យស្របតាមច្បាប់ ដើម្បីបញ្ចប់វិវាទដ៏រាំរ៉ៃជាង២០ឆ្នាំ កន្លងមកនេះ។
ចំណែកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឯកភាពឲ្យដោះស្រាយតាមការព្រមព្រៀងរបស់ប្រជាពលរដ្ឋចំនួន៦៣៨គរួសារផងដែរ ដែលសុខចិត្តផ្តល់ដីចំនួន៧ហិកតា ដល់ភាគី១២គ្រួសារ ដើម្បីបញ្ចប់ជម្លោះដ៏ស្មុគស្មាញនេះ៕