(ភ្នំពេញ)៖ អ្នកអត្ថាធិប្បាយលើបញ្ហាសង្គម និងនយោបាយរបស់កម្ពុជាដ៏មានប្រជាប្រិយភាពលើបណ្តាញសង្គម លោក សុខ សុគន្ធ បានក្រើនរំលឹកពលករខ្មែរដែលកំពុងបម្រើការងារ នៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង៦ម៉ឺននាក់ថា បើប្រទេសកម្ពុជាគ្មានសុខសន្តិភាព និងគ្មានចំណងមេត្រីភាពផ្នែកការទូតល្អប្រសើរជាមួយកូរ៉េខាងត្បូងទេនោះ ប្រជាពលរដ្ឋមិនអាចទទួលបានច្បាប់ និងសិទ្ធិទៅធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះឡើយ។
លោក សុខ សុគន្ធ ឬហៅថា ជេម សុខ ពលរដ្ឋខ្មែររស់នៅអាមេរិក គឺជាអ្នកអត្ថាធិប្បាយមួយរូបដែលតែងផ្តល់គំនិត និងទស្សនៈជាការពិចារណាដល់ប្រជាពលរដ្ឋ និងជាអ្នកដែលតែងតែបាន ដាស់តឿនឲ្យខ្មែរ ជាពិសេសគឺយុវជនជំនាន់ថ្មីឲ្យប្រឹងប្រែងសិក្សារៀនសូត្រ ប្រឹងរកស៊ី និងចេះសន្សំសំចៃប្រាក់កាកដែលរកបាន។ ការអត្ថាធិប្បាយរបស់លោកទទួលបានការពេញចិត្តពេញថ្លើម និងគាំទ្រជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ តែលោកក៏តែងតែរងការរិះគន់ពីក្រុមមនុស្សគាំទ្រទណ្ឌិត សម រង្ស៉ី ផងដែរ ព្រោះតែលោកតែងតែអត្ថាធិប្បាយបើកកកាយពីល្បិចកិច្ចកល និងពុតត្បុតខិលខូចពិសពុលរបស់លោក សម រង្ស៉ី។
ការដែលលោក សុខ សុគន្ធ ក្រើនរំលឹកពលករខ្មែរនៅកូរ៉េខាងត្បូងឲ្យស្គាល់ពីតម្លៃនៃសន្តិភាព និងថាមានតែកម្ពុជាមានសន្តិភាពទើបពួកគេអាចមានសិទ្ធិទទួលបានទិដ្ឋាការ ទៅធ្វើការនៅកូរ៉េខាងត្បូងនេះ គឺបន្ទាប់ពីក្រុមទណ្ឌិត សម រង្ស៉ី បានព្យាយាមទៅកៀរគរពលករខ្មែរនៅកូរ៉េខាងត្បូងឲ្យដង្ហែខ្លួនចូលក្នុងប្រទេសកម្ពុជា។
លោក សុខ សុគន្ធ បុរសដែលធ្លាប់បានប្រឡូកក្នុងចលនាតស៊ូពេលកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាមនោះ បានប្រាប់ពលករខ្មែរនៅកូរ៉េខាងត្បូង កុំឲ្យជឿតាមការញុះញង់ កុំជឿតាមការល្បួងលួងលោមរបស់ទណ្ឌិត សម រង្ស៉ី ព្រោះនោះសុទ្ធតែជាការភូតកុហកទាំងអស់។ លោក សុខ សុគន្ធ បានលើកទឹកចិត្តដល់ពលករខ្មែរនៅកូរ៉េខាងត្បូងទាំងអស់ ត្រូវប្រឹងប្រែងធ្វើការសន្សំលុយកាក់ ដើម្បីចិញ្ចឹមជីវិត និងផ្ញើជូនឪពុកម្តាយនៅឯស្រុកទើបជាការប្រសើរ។
អ្នកអត្ថាធិប្បាយនាយសមុទ្រដ៏មានប្រជាប្រិយភាពរូបនេះ បានគូសបញ្ជាក់ទៅកាន់ពលករនៅកូរ៉េខាងត្បូងថា ប្រទេសកម្ពុជា មានសុខសន្តិភាពហើយ ខ្មែរកំពុងរស់នៅបានសុខហើយ កុំនាំគ្នាលុងជឿតាមការអូសទាញ ការញុះញង់របស់អ្នកនយោបាយជើងមិនជាប់ដីទណ្ឌិត សម រង្ស៉ី បង្កវិនាសកម្ម ឬនាំមកការចលាចលសម្រាប់ប្រទេសជាតិនោះឡើយ។
បើតាមលោក សុខ សុគន្ធ បើកម្ពុជាគ្មានសុខសន្តិភាព នឹងគ្មានទូតកូរ៉េខាងត្បូងនៅកម្ពុជាអង្គុយវាយទិដ្ឋាការផ្តល់សិទ្ធិឲ្យពលរដ្ឋខ្មែរទៅធ្វើការនៅកូរ៉េខាងត្បូងនោះឡើយ។ មួយវិញទៀតបើកូរ៉េខាងត្បូងគ្មានចំណងមេត្រីភាពផ្នែកការទូតដែលភ្ជាប់ឡើងកាលពីឆ្នាំ១៩៩៩ ក្រោមការផ្តួចផ្តើមដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទេនោះ ពលរដ្ឋខ្មែរក៏មិនមានឱកាសបានទៅធ្វើការនៅកូរ៉េខាងត្បូងនោះដែរ។
ទន្ទឹមនឹងការក្រើនរំលឹកដល់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងហើយ លោក សុខ សុគន្ធ ក៏បានសម្តែងការសាទរផងដែរ ចំពោះការបែកបាក់ចលនាយុវជននៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោកថា ការបែកបាក់របស់ចលនាយុវជនកូរ៉េខាងត្បូងដែលមានសមាជិកមួយដំបស្វា គឺជារឿងល្អសម្រាប់យុវជននៅកូរ៉េខាងត្បូង និងសង្គមជាតិ ព្រោះគ្មានអ្នកទៅធ្វើចលនាអូសទាញរកអ្នកដង្ហែទណ្ឌិត សម រង្ស៉ី និងមិនប៉ះពាល់ដល់ការបម្រើការងាររបស់ពួកគេ។
សូមស្តាប់ និងទស្សនានូវពាក្យពេចន៍ក្រើនរំលឹកប្រកបដោយអត្ថន័យរបស់លោក សុខ សុគន្ធ ផ្ញើជូនទៅពលករខ្មែរនៅកូរ៉េខាងត្បូងដែលមានចំនួនប្រមាណ ៦ម៉ឺននាក់នាពេលបច្ចុប្បន្ននេះ៖