(ភ្នំពេញ)៖ ខ្មែរឥស្លាម​១១នាក់ ដែល​ទៅរៀនសូត្រពាក់ព័ន្ធវិស័យសាសនា នៅខេត្តប៉ាតានី ភាគខាងត្បូងប្រទេសថៃ ហើយត្រូវអាជ្ញាធរថៃ​ចាប់ខ្លួននោះ ត្រូវបានដោះលែង០៨នាក់ បញ្ជូនមកកម្ពុជាវិញហើយ ខណៈ០៣នាក់​ទៀត កំពុងដោះស្រាយបន្ដតាមនីតិវិធី ដោយភាគីថៃបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធជាមួយក្រុមផ្ដាច់ខ្លួនភាគខាងត្បូង ប៉ុនប៉ងធ្វើបដិវត្តពណ៌។

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ខ្មែរឥស្លាមទាំង១១នាក់ដែលត្រូវបានខ្លួននោះ រហូតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អាជ្ញាធរថៃបានដោះលែង០៨នាក់ ឲ្យត្រឡប់មកវិញហើយ ដោយចោទប្រកាន់ពីបទ អន្ដោប្រវេសន៍ដោយខុសច្បាប់ (ទិដ្ឋាការហួសកំណត់)។

លោកបានបន្ថែមថា ដោយឡែកខ្មែរឥស្លាម០៣នាក់ ដែលមិនអនុញ្ញាតឲ្យត្រឡប់មកវិញនោះ ត្រូវបានអាជ្ញាធរថៃ ចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធជាមួយក្រុមផ្ដាច់ខ្លួនភាគខាងត្បូង ដែលប៉ុនប៉ងធ្វើបដិវត្តពណ៌ប្រឆាំងរដ្ឋាភិបាលថៃ ប៉ុន្ដែទោះជាយ៉ាងណាភាគីកម្ពុជា នឹងព្យាយាមដោះស្រាយបញ្ហាផ្លូវច្បាប់ជាបន្ដទៀត។

លោកទេសរដ្ឋមន្ដ្រី បានថ្លែងយ៉ាងដូច្នេះថា «នៅពេលនេះសិស្ស​មុស្លិមកម្ពុជា​០៨នាក់ ដែលសមត្ថកិច្ចថៃ​បានឃាត់ខ្លួន នៅ​ខេត្តប៉ាតានី ភាគខាងត្បូងថៃ បានបញ្ជូនមកដល់ព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែតហើយ ដែលថ្ងៃស្អែកនឹងនាំពួកគេឲ្យទៅផ្ទះរៀងៗខ្លួនវិញ។ ប៉ុន្ដែ០៣នាក់ទៀត កំពុងដោះស្រាយបន្ដតាមនីតិវិធី»។

​សូមជម្រាបថា ខ្មែរឥស្លាម១១នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីអំឡុងខែមករា ឆ្នាំ២០១៩កន្លងទៅ នៅខេត្តប៉ាតានី ភាគខាងត្បូងប្រទេសថៃ ដោយជំហ៊ានដំបូងអាជ្ញាធរថៃចោទប្រកាន់ថា ពាក់ព័ន្ធជាមួយក្រុមផ្ដាច់ខ្លួន ប៉ុន្ដែក្រោយមានការសម្របសម្រួល និងពន្យល់ហេតុផលផ្សេងៗ តាមផ្លូវច្បាប់ ភាគីថៃបានដោះលែង០៨នាក់ត្រឡប់មកវិញ៕