(សៀមរាប)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អនុប្រធានទទួលបន្ទុកតំបន់កំពង់ធំ ព្រះវិហារ សៀមរាប និងបន្ទាយមានជ័យរបស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា លោក កៅ អ៊ីមរ៉ន បានអញ្ជើញជាតំណាងសម្ព័ន្ធយុវជនមុស្លីមកម្ពុជាថ្នាក់កណ្តាល ដឹកនាំយុវជនថ្នាក់កណ្តាល និងសាខាខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលផ្តាំផ្ញើដល់ក្មួយៗកុមារា កុមារីជាសិស្សានុសិស្ស១៨០ នៅសាលាបឋមសិក្សាភូមិស្ទឹងថ្មី ក្រុងសៀមរាប ព្រមទាំងនាំនូវសម្ភារសិក្សា និងសម្លៀកបំពាក់ឧបត្ថម្ភជូនពួកគាត់។
ថ្លែងក្នុងឱកាសនោះ លោក កៅ អ៊ីមរ៉ន បានផ្តាំផ្ញើដល់ប្អូនៗកុមារា កុមារី ត្រូវខិតខំប្រឹងរៀនសូត្រដើម្បីអនាគតរបស់ខ្លួនគ្រួសារ និងសង្គមជាតិ។ លោកបន្តថា ក្រោមការដឹកនាំបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរ ដែលសង្គមកាន់តែត្រូវការធនធានមនស្ស ដើម្បីបំពេញសេចក្តីត្រូវការក្នុងសម័យកាលសាកលភាវូបនីយកម្ម។
លោក កៅ អ៊ីមរ៉ន បានបន្ថែមថា ពេលនេះជាឱកាសដ៏មានតម្លៃសម្រាប់ប្អូនៗទាំងអស់គ្នា ដែលជាទំពាំងស្នងឬស្សី ត្រូវចាប់ផ្តើមកសាងខ្លួនពីពេលនេះតទៅ ជាពិសេសការពង្រឹងសមត្ថភាព ខិតខំរៀនសូត្រ ចេះមានទំនាក់ទំនងសាមគ្គីជាមួយអ្នកនៅជុំវិញខ្លួន ជាមួយមិត្តភក្តិរួមថ្នាក់ រួមសាលា ត្រូវធ្វើជាសិស្សល្អ សិស្សគំរូ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ និងមាតាបិតា៕