(កណ្តាល)៖ ក្មួយៗកុមារអ្នកនៅភូមិកុមារអរុណរះ នៃអង្គការ The Australia Cambodia foundation ត្រូវបានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) យកចិត្តទុកដាក់ពិនិត្យ និងព្យាបាល ក្រោមការយក ចិត្តទុកដាក់ ពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមានការចូលរួមពីសាស្ត្រាចារ្យវេជ្ជបណ្ឌិត និងកម្លាំងស្ម័គ្រចិត្ត ជាច្រើន។
នេះមិនមែនជាលើកទី១ទេ ដែលលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នីបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ សុខមាលភាព ការសិក្សាការ និងការរស់នៅរបស់ក្មួយៗនៅក្នុងអង្គការមួយនេះ។ នេះគឺជាលើកទី៨ ហើយដែលលោកទាំង២ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ការពិនិត្យព្យាបាលដល់ក្មួយៗ ព្រមទាំងផ្ដល់នូវគ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា នៅនាពេលកន្លងមក។
លោកស្រី Garaldine នាយិកាអង្គការ The Australia Cambodia foundation (sunrise children's villages) បានលើកឡើងថា សកម្មភាពមនុស្សធម៌របស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
ថ្ងៃនេះពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះ សុខភាពមាត់ធ្មេញ ការរស់នៅ និងការសិក្សារបស់ក្មួយៗ និងបុគ្គលិកនៅទីនេះ។
លោកស្រី នាយិការអង្គការ សូមគោរពថ្លែងអំណរគុណ ចំពោះសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះ និងពិតជាមានចិត្តរំភើបសប្បាយរីករាយ នៅក្នុងការទទួលសកម្មភាពមនុស្សធម៌ ដ៏មានតម្លៃចពោះក្មួយៗ និងបុគ្គលិកនៅទីនេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្មួយៗកុមារចំនួន១៣៣នាក់ នៅភូមិកុមារអរុណរះ អង្គការ The Australia Cambodia foundation ស្ថិតនៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) យកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជាលើកទី៤៕