(ត្បូងឃ្មុំ)៖ ក្នុងពិធីចាប់ត្រីបែបធម្មជាតិ នៅក្នុងបឹងក្រម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបង្ហាញពីគម្រោងទិញត្រីពូជជាច្រើនប្រភេទបន្ថែមទៀត យកលែងនៅក្នុងបឹងនេះ និងដាំព្រៃលិចទឹកបន្ថែម ដើម្បីបង្កើនបរិមាណត្រីនៅក្នុងបឹងកាន់តែច្រើន ឲ្យប្រជាពលរដ្ឋងាយស្រួលចាប់កំសាន្ដនៅឆ្នាំក្រោយ។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News ដែលចុះទៅទីតាំងនោះផ្ទាល់ លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់យ៉ាងដូច្នេះ «សម្រាប់ផែនការរដ្ឋបាលខេត្ត ខ្ញុំនឹងឲ្យខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំព្រៃលិចទឹកបន្ថែមទៀត និងលែងត្រីបន្ថែមទៀត ដើម្បីឲ្យកន្លែងនេះសំបូរត្រី នៅពេលដែលដល់រដូវបងប្អូនប្រជាពលរដ្ឋ មកលេងកំសាន្ដចាប់ជុំគ្នា»។
លោក ជាម ច័ន្ទសោភ័ណ បានបន្ថែមទៀតថា «នៅទីនេះ គឺចាប់បែបធម្មជាតិ អីចឹងមានន័យថា បងប្អូន ដែលគាត់រស់នៅទីប្រជុំជន រស់នៅទីក្រុងភ្នំពេញ ឬក៏រស់នៅកន្លែងផ្សេងៗទៀត ពួកគាត់អាចមកចាប់បានតាមសប្បាយ នៅពេលដែលពិធីចាប់ត្រីបែបធម្មជាតិនេះ ចូលមកដល់»។
សូមជម្រាបថា ពីធីចាប់ត្រីនេះមិនត្រឹមតែប្រជាពលរដ្ឋក្នុងតំបន់ប៉ុណ្ណោះទេ ដែលមកចូលរួម សូម្បីប្រជាពលរដ្ឋតំបន់ផ្សេងៗ ឆ្ងាយៗ ក៏មកចូលរួមចាប់ត្រីផងដែរ ដែលធ្វើឲ្យអ្នកចូលរួម ក្នុងការចាប់ត្រីនៅឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំមុនៗ។
បើតាមគណៈកម្មការរៀបចំពិធី បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ពិធីចាប់ត្រីបែបធម្មជាតិនេះ រៀបចំឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះមានអ្នកចូលរួមច្រើនជាងឆ្នាំមុនៗ។
ពីធីចាប់ត្រីបែបធម្មជាតិនេះ ត្រូវបានរៀបចំឡើងជាយូរលង់ណាស់មកហើយ ដែលជាកេរដំណែលរបស់ដូនតាបន្សល់ទុក គឺឲ្យតែដល់រដូវប្រាំងដាច់ទឹកភ្លៀង បងប្អូនប្រជាពលរដ្ឋ តែងតែនាំគ្នា ប្រារព្ធពិធីចុះចាប់ត្រី តាមបែបធម្មជាតិ៕