(កំពង់ចាម)៖ ខណៈអញ្ជើញចូលរួមទស្សនា ការប្រកួតពានរង្វាន់បាល់ទាត់យុវជនក្រោម១៥ឆ្នាំ ១៧ឆ្នាំ ដែលជាការប្រកួតលើកទី៦ រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លោក គួច ចំរើន អភិបាលខេត្ត បានថ្លែងប្រាប់ក្រុមកីឡាករបាល់ទាត់ទាំងបួនក្រុម ធ្វើយ៉ាងណាប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីទទួលជ័យលាភី។

កម្មវិធីប្រកួតនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅកីឡាដ្ឋានបាល់ទាត់ខេត្តកំពង់ចាម។

ក្រៅពីការថ្លែងផ្ដាំផ្ញើឲ្យក្រុមកីឡាករប្រឹងប្រែងប្រកួត លោក គួច ចំរើន បានផ្តល់ថវិកាដល់ក្រុមកីឡាករចំនួន៤ក្រុម ដោយក្នុង១ក្រុមទទួលបានថវិកា១លានរៀល និងក្រុមកីឡាការិនី២ក្រុម ក្នុង១ក្រុមទទួលថវិកា១ លានរៀលផងដែរ។ ក្នុងនោះដែរ គណៈកម្មការរៀបចំការប្រកួតនេះ ទទួលបានថវិកាចំនួន១លានរៀលដែរ។

លោកអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើដល់ក្រុមកីឡាបាល់ទាត់ទាំងអស់ត្រូវ ធ្វើយ៉ាងណាខិតខំ ធ្វើការប្រកួតឲ្យពីសមត្ថភាពរបស់ខ្លួន ដែលបានហ្វឹកហាត់កន្លងមក ដើម្បីដណ្ដើមយកជ័យជំនះនាពេលនេះ ព្រោះថា ពានរង្វាន់គឺជាសាក្សីនៃសមត្ថភាពរបស់យើង។

លោកបន្ដថា ម្យ៉ាងទៀត ទោះជាយ៉ាងណាក៏ដោយ ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព រវាងក្នុងក្រុមរបស់ខ្លួន ជាពិសេសរក្សាឲ្យបាន រវាងក្រុមកីឡាដែលជាគូរប្រជែងរបស់យើង៕