(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានច្រានចោលសេចក្ដីរាយការណ៍មួយដែលថាទីភ្នាក់ងារស៊ើបការណ៍សំងាត់ចិនរាប់រយនាក់ កំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដោយចាត់ទុកថាវាគ្មានមូលដ្ឋានពិតប្រាកដ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGNT នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នកនាំពាក្យរដ្ឋាភិបាលចិនម្នាក់ បានគូសបញ្ជាក់ដូច្នេះថា៖«យើងពិតជាភ្ញាក់ផ្អើលចំពោះរបាយការណ៍គ្មានមូលដ្ឋានទាំងនេះ...ពីព្រោះ ចិនតែងតែគោរពជានិច្ចអធិបតេយ្យភាពរបស់បណ្ដាប្រទេសទាំងអស់ ហើយក៏មិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេស ណាមួយដែរ។ ដូច្នេះយើងសង្ឃឹមថាបណ្ដាភាគីពាក់ព័ន្ធនឹងមើលមកចិន ក៏ដូចជាទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប ក្នុងផ្លូវត្រឹមត្រូវ»

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅ សារព័ត៌មាន វែល អាំ សុនថាក (Welt am Sonntag) ដោយផ្អែកលើប្រភពពីមន្ត្រីទូតអឺរ៉ុប ជាច្រើននាក់បានរាយការណ៍ថាទីភ្នាក់ងារស៊ើបការណ៍សំងាត់ចិន ២៥០នាក់ និងរុស្ស៊ី២០០នាក់ កំពុងធ្វើប្រតិបត្តិការនៅក្នុងទីក្រុង ព្រុចសែល៕