(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រដ្ឋបាលព្រៃឈើ បានចុះកិច្ចព្រមព្រៀង ជាមួយសហគមន៍ព្រៃឈើពីងប្រង់ក្លងពេសថូ ដែលភាគច្រើនជាជនជាតិដើមភាគតិចព្នង ស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ពិធីនេះ មានការចូលរួមពីលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី។
បើតាមរបាយការណ៍ របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា សហគមន៍ព្រៃឈើពីងប្រង់ក្លងពេសថូ មានផ្ទៃដី ១,១០៤ហិកតា មានសមាជិក១១៤គ្រួសារ ភាគច្រើនជាជនជាតិ ដើមភាគតិចព្នង។ បច្ចុប្បន្នខេត្តមណ្ឌលគិរី មានសហគមន៍ព្រៃឈើសរុបចំនួន៨ ក្នុងនោះ មានផ្ទៃដីសរុប១០,៤៦៥ហិកតា មានសមាជិក៧២៤គ្រួសារ។
ការអភិវឌ្ឍសហគមន៍ព្រៃឈើ បានទទួលការគាំទ្រ ដោយគម្រោងរបៀងអភិរក្សជីវៈចំរុះមហាអនុតំបន់ទន្លេមេគង្គ ដោយធ្វើការបណ្តុះបណ្តាល ធ្វើដំណើរទស្សនកិច្ចសិក្សា តាមបណ្តាខេត្តនានា ចូលរួមប្រជុំ និងសិក្ខាសាលា ក្រុមសន្សំប្រាក់ ចិញ្ចឹមមាន់ ឃ្មុំ និងដាំបន្លែ បោះបង្គោលព្រំប្រទល់ វេនយាមល្បាយព្រៃ និងសង់ទីស្នាក់ការសហគមន៍ អណ្តូងទឹក បង្គន់អនាម័យ និងថាមពលពន្លឺព្រះអាទិត្យ-ល-។
លោករដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ ចំពោះមន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន សហការគ្នារៀបចំបង្កើតសហគមន៍ព្រៃឈើ ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍ និងអភិរក្សព្រៃ សត្វព្រៃ ជីវៈចំរុះ ធានាបាន នូវនិរន្តរភាព នៃការអាស្រ័យផល និងអនុផលព្រៃឈើដែលជាវប្បធម៌ និងប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច។
លោក វេង សាខុន បានបញ្ជាក់បន្ថែមទៀតថា ការរៀបចំបង្កើតសហគមន៍ព្រៃឈើ គឺចូលរួមថែរក្សា ការពារធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) សម្រាប់កូនចៅជំនាន់ក្រោយឲ្យបានគង់វង្សតរៀងទៅ។
ដើម្បីរក្សាបាននូវនិរន្តរភាព នៃការគ្រប់គ្រងសហគមន៍ព្រៃឈើ លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហការអនុវត្តការងារ ផែនការសកម្មភាពទាំងរបស់រដ្ឋបាលព្រៃឈើ និងរបស់គម្រោងនានាឲ្យទទួលបានលទ្ធផលល្អប្រសើរ។
លោកថា ត្រូវខិតខំស្វះស្វែងរកដៃគូ ឬគម្រោងនានា ដើម្បីបន្តអភិវឌ្ឍសហគមន៍ឲ្យកាន់តែរីកចម្រើន ឈានទៅប្រែក្លាយជាសហគមន៍គំរូ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាញយកប្រយោជន៍បន្ថែម ពីធនធានព្រៃឈើ បង្កើតនិងបង្កើនប្រភពចំណូល កែលម្អជីវភាព តាមរយៈបង្កើតរបរបន្ថែម ដូចជាចិញ្ចិមឃ្មុំ ដាំឬស្សី ចិញ្ចឹមសត្វ និងដាំដំណាំ-ល- និងជាពិសេសចូលរួមថែរក្សា និងអភិរក្សវប្បធម៌ ប្រពៃណី ទំនាមទំលាប់ និងជំនឿសាសនា របស់បងប្អូនជនជាតិដើមភាគតិចឲ្យបានគង់វង្ស៕