(កំពង់ធំ)៖ បន្ទាប់ពីកិច្ចពិគ្រោះយោបល់ស្តីពី ការរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទប់ស្កាត់បទល្មើស ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាន៤ខេត្ត តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍មកពីខេត្តកំពង់ធំ, ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានធ្វើដំណើររួមគ្នា ដើម្បីចុះល្បាតពិនិត្យទីតាំង ស្ថាភាពជាក់ស្តែង នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដើម្បីរៀបចំផែនការគ្រប់គ្រងឲ្យបានកាន់តែប្រសើរ។
លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានដឹកនាំប្រតិភូចុះល្បាតពីភូមិសាស្រ្តខេត្តកំពង់ធំ រហូតដល់ទីចំនុចប្រសព្វ នៃកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ដើម្បីពង្រឹងលើផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃព្រៃឡង់ បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងស្ថាប័នពាក់ព័ន្ឋ រួមទាំងសហគមន៍ការពារព្រៃឡង់ បានឯកភាពគ្នាល្បាតរួមគ្នាជាប្រវត្តិសាស្ត្រលើកទី១ ដើម្បីឲ្យបានឃើញនូវទិដ្ឋភាពស្វែងយល់ជាក់ស្តែង ដូច្នេះអ្វីដែលបានមើលឃើញ និងកត់សម្គាល់ពីការចុះល្បាតនេះ នឹងគិតគូរជាយុទ្ធសាស្រ្ត និងដំណោះស្រាយ ដើម្បីរៀបចំយន្តការទ្រទ្រង់ដល់ការការពារ និងអភិរក្សធនធានធម្មជាតិនៅព្រៃឡង់។
លោកបានបញ្ជាក់បន្ថែមថា ក្រុមល្បាតបានពិនិត្យជាក់ស្តែងឃើញថា ធនធានព្រៃឈើ ជីវៈចម្រុះ និងប្រព័ន្ឋអេកូឡូស៊ីនៃដែនជម្រកសត្វព្រៃព្រៃឡង់នៅល្អ ជាពិសេសត្រង់ចំនុចត្រីកោណខេត្តកំពង់ធំ, ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង។
លោកបានឱ្យដឹងដែរថា ក្នុងផែនការគ្រប់គ្រង កម្លាំងឧទ្យាននុរក្សនៃខេត្តទាំងបីនឹងធ្វើការរួមគ្នា បង្កើតជាស្នាក់ការរួម ដើម្បីទប់ស្កាត់បទល្មើសនានា នៅតំបន់ប្រសព្វគ្នានៃភូមិសាស្រ្តដែនជម្រកសត្វព្រៃព្រៃឡង់ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងទៀត។
លោក សៅ សុភាព បានបន្តថា ព្រៃឡង់មានសក្តាពលល្អ និងជាទីជំរៀលមួយដ៏សំខាន់ ដែលជាប្រភពទឹកហូរចាក់ទៅស្ទឹងសែន ទៅបឹងទន្លេសាប ដោយឡែកការចូលរួមល្បាតរួមគ្នាក្នុងថ្ងៃនេះ បានបង្ហាញពីសខីភាព ការប្តេជ្ញាចិត្តរួមគ្នាការពារព្រៃឡង់នេះ។
ដែនជម្រកសត្វព្រៃ ព្រៃឡង់ បង្កើតឡើងដោយ អនុក្រឹត្យលេខ ០៧៤ អនក្រ .បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៦ មានផ្ទៃដីសរុប៤៣១,៦៨៣ ហិចតា ស្ថិតនៅជាប់ភូមិសាស្រ្ត ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង។ ដែនអភិរក្សនេះ មានសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះ សំម្បូរបែប ដែលជាជម្រាលផ្ទៃរងទឹកភ្លើងសម្រាប់ស្ទឹងសែន និងហូរចាក់ទៅទន្លេសាប បំរើដល់វិស័យកសិកម្ម ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម បរិស្ថាន និងវប្បធម៌ ៕