(ភ្នំពេញ)៖ សាលាអន្តរជាតិ ជីនៀស (Genius International School) និងសាលា City Metropolitan College របស់ប្រទេសសិង្ហបុរី បានចុះអនុស្សារណៈនៃកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការជំរុញការ ស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីសិក្សាទំនើប ជាពិសេសគរុកោសល្យ និងវិក្រិតការគ្រូបង្រៀន ដើម្បីធានាឲ្យបាននូវ ការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាលក្ខណៈសកល។

ក្នុងឱកាសចុះអនុស្សារណៈរវាងគ្នា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នាយកសាលាអន្ដរជាតិ ជីនៀស លោក ម៉ៅ វាសនា បានថ្លែងថា ក្រោមកិច្ចសហប្រតិបត្តិការជាផ្លូវការនេះ សាលាបានធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវកម្មវិធីសិក្សាថ្មី របស់ប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស ដែលត្រូវបានទទួលស្គាល់ទូទាំង ពិភពលោក។

លោក ម៉ៅ វាសនា បន្ដថា «សម្រាប់កម្មវិធិសិក្សាថ្មីនេះ សិស្សានុសិស្សទាំងអស់ នៃសាលាអន្តរជាតិ ជីនៀស នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាបន្ថែមដោយផ្ទាល់ ពីសាលា City Metropolitan College របស់ប្រទេសសិង្ហបុរី ដែលមានតម្លៃស្មើ និងត្រូវបានទទួលស្គាល់ដោយប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស ។លើសពីនោះ សិស្សានុសិស្ស ដែលសិក្សានៅសាលាអន្តរជាតិ ជីនៀស ក៏អាចបន្តការសិក្សាដោយផ្ទាល់ ទាំងនៅសាលារដ្ឋ ឬឯកជននៅប្រទេសសិង្ហបុរី ឬចក្រភពអង់គ្លេសផងដែរ»

ទន្ទឹមនឹងនោះ លោកនាយកសាលាអន្ដរជាតិ ជីនៀស បានថ្លែងទៀតថា កម្មវិធីសិក្សានៅក្នុងអនុស្សារណៈនៃកិច្ចព្រមព្រៀងនេះរួមមាន កម្មវិធីមតេ្តយ្យសិក្សាគ្រប់កម្រិត (CMC Kindergarten Program), កម្មវីធីសិក្សាកម្រិតបឋមសិក្សា (CMC Primary Program), កម្មវិធីសិក្សាកម្រិតអនុវិទ្យាល័យ និងកម្រិតវិទ្យាល័យ របស់ចក្រភពអង់គ្លេស (OTHM Program), កម្មវិធីសិក្សាធុរកិច្ច និងហិរញ្ញវត្ថុគ្រប់កម្រិត នៅប្រទេសសិង្ហបុរី (London School of Business & Finance) in Singapore និងកម្មវិធីសិក្សាវគ្គខ្លីៗ និងទស្សនៈកិច្ចសិក្សា នៅប្រទេសសិង្ហបុរី។

នាយកសាលាអន្ដរជាតិ ជីនៀស លោក ម៉ៅ វាសនា បានគូសបញ្ជាក់ថា «សាលាអន្តរជាតិ Genius មានបើកបង្រៀនចាប់ពីកម្រិតមត្ដេយ្យ ដល់កម្រិតបឋមសិក្សា ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ដោយមកទល់នឹងពេលនេះ មានចំនួនពីរសាខា នៅបឹងកេងកង១ ហើយគ្រោងនឹងបើកសាខាថ្មីមួយទៀតនៅម្ដុំទួលគោក ។ ហើយក្រោមកិច្ចសហការជាមួយសាលាពីសិង្ហបុរីនេះ នៅថ្ងៃអនាគត សាលាអន្ដរជាតិ ជីនៀស នឹងមានបង្កើតបង្រៀន កម្រិតអនុវិទ្យាល័យ និងកម្រិតវិទ្យាល័យផងដែរ»

ជាងនេះទៅទៀត លោកនាយកសាសា ក៏បានអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្ស ដែលកំពុងស្វែងរកនូវគុណភាពនៃការអប់រំប្រកបដោយគុណភាពខ្ពស់ ពិសេសនោះ គឺអាចទទួលស្គាល់ទូទាំងពិភពលោក សូមអញ្ជើញយកបុត្រធីតាលោកអ្នក មកសិក្សានៅសាលាអន្ដរជាតិ ជីនៀស ដែលមាននូវបទពិសោធន៍ខ្ពស់ ក្នុងបណ្ដុះបណ្ដាលថ្នាលសិក្សាអប់រំលក្ខណៈស្ដង់ដា និងមើលថែបុត្រធីតាលោកអ្នក ឲ្យមានសុខភាពល្អ និងត្រឹមត្រូវស្របទៅតាមអាហារូបត្ថម្ភរបស់កុមារផងដែរ ៕