(បាត់ដំបង)៖ លោក ឡោក ហ៊ួរ តំណាងរាស្រ្តមណ្ឌលបាត់ដំបង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវឲ្យសិស្សានុសិស្ស ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលនាំឲ្យបំផ្លាញសង្គមជាតិ និងត្រូវចូលរួមអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំងអស់គ្នា។
ការអំពាវនាវយ៉ាងដូច្នេះ របស់លោក ឡោក ហ៊ួរ បានធ្វើឡើងក្នុងពិធីកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ នូវខ្លោងទ្វារសាលាបឋមសិក្សាមួយកន្លែង និងបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលថវិកា សម្រាប់កសាងបន្ថែម នូវសមិទ្ធិផលនានាផ្សេងទៀត ក្នុងសាលាបឋមសិក្សានរា ស្ថិតក្នុងឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោក ឡោក ហ៊ួរ បានលើកឡើងទៀតថា ដើម្បីអនាគតល្អ សូមក្មួយៗជៀសវាង ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានធ្វើឲ្យខូចសុខភាពយើង បំផ្លាញអនាគតរបស់ក្មួយៗ ដែលជាធនធានមនុស្ស សំខាន់បំផុតសម្រាប់ប្រទេសជាតិ រហូតអាចប្រឈមនឹងគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ក្មួយៗថែមទៀតផង។
លោកបានបញ្ជាក់ថា រហូតមលដល់នឹងពេលនេះ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសក្នុងនោះមានវិស័យអប់រំ បាននិងកំពុងដើរតួនាទីដ៏សំខាន់ នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលបានបង្កើតនូវអគារសិក្សាជាច្រើន។
លោក ក៏បានលើកឡើងផងដែរថា ចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រមុខរាជរដ្ឋាភិបាល បានធ្វើយ៉ាងណាឲ្យស្រុកមួយ មានវិទ្យាល័យមួយយ៉ាងតិច និងឃុំមួយ មានអនុវិទ្យាល័យមួយ ដើម្បីបង្ខិតសាលារៀន ឲ្យនៅកៀតជិត និងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមកាត់បន្ថយនូវភាពក្រីក្រ ក៏ដូចជាកាត់បន្ថយ បាននូវការចំណាយថវិកា និងពេលវេលាបានថែមទៀតផង។
អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានបញ្ជាក់ថា ការស្ថាបនាអគារសិក្សានៅក្នុងវិស័យអប់រំនេះ គឺធ្វើឡើងដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្សចង់បាន ព្រោះដោយសារតែកំណើនសិស្សានុសិស្ស កំពុងតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបានបន្តទៀតថា សង្រ្គាមមិនអាចឲ្យប្រទេសជាតិមានការអភិវឌ្ឍនោះទេ សង្រ្គាមបានបំផ្លិចបំផ្លាញរាល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ដូច្នេះប្រជាជនកម្ពុជាស្អប់សង្រ្គាមណាស់ គឺមានតែសុខសន្តិភាពទេ ដែលមានការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ក្នុងពិធីនេះដែរ លោក ឡោក ហ៊ួរ ក៏បានចូលរួមថវិកាបុណ្យផ្កាប្រាក់នេះ ចំនួន១,០០០ដុល្លារ និងថវិកាសប្បុរសជនជាង៧លាន ៣សែនរៀល។ បន្ទាប់មកលោកបានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការដ្ឋានជួសជុល ផ្លូវថ្មគ្រួស១ខ្សែ មានប្រវែង៣,៤០០ម៉ែត្រ ស្ថិតក្នុងភូមិវត្តចក្តិក និងភូមិស្វាយជ្រុំ ក្នុងឃុំអូរដំបង២ ស្រុកសង្កែ ដែលជាអំណោយចូលរួម ថវិកា២០លានរៀល។
ក្នុងនោះ មានថវិកាលោកផ្ទាល់១០លានរៀល, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៥លានរៀល, នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន នគរបាលអន្តោ ប្រវេសន៍៥លានរៀល រួចបន្តចុះសួរសុខទុកគ្រួសារក្រីក្រ មានកូន៥នាក់ ទាំងមានផ្ទៃពោះផង ដោយប្តីចេញទៅរកស៊ីឆ្ងាយចោលបាត់ លោកក៏បានជួយឧត្ថមថវិកា១៥០ដុល្លារ សម្រាប់ដោះស្រាយជីវភាពគ្រួសារផងដែរ៕