(កំពង់ធំ)៖ តាមរយៈការសម្របសម្រួលពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ៣៥០នាក់ បានមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ស្រុកសន្ទុក និងស្រុកតាំងគោក ព្រមទាំងបានឧបត្ថម្ភសម្ភារបរិក្ខាពេទ្យជាច្រើនមានតម្លៃជាង ៣០ម៉ឺនដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុកផងដែរ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង៣៥០នាក់ខាងលើ មកពីអង្គការលើកកម្ពស់សុខភាពប្រកបដោយចីរភាព ហៅកាត់ SHE (Sustainable Health Empowerment) និងមកពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)។
គិតមកដល់ឆ្នាំ២០១៩នេះ គឺជាឆ្នាំទី៩ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមនេះបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ដោយចល័តតាមបណ្តារាជធានី-ខេត្តផ្សេងៗគ្នា មានដូចជារាជធានីភ្នំពេញ ខេត្តកោះកុង តាកែវ ពោធិ៍សាត់ បាត់ដំបង ត្បូងឃ្មុំ ព្រែវែង ស្វាយរៀង និងលើកទី៩នេះនៅខេត្តកំពង់ធំតែម្តង ដែលក្នុងមួយឆ្នាំៗ គឺបានពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាប្រមាណ ៤-៥ពាន់នាក់។ ដូច្នេះសរុបទាំង៩ឆ្នាំ (បូកនឹងលើកនេះ) គឺ CHPAA បានពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជា បានសរុបប្រមាណ ៤៥,០០០នាក់។ដោយឡែក អង្គការ SHE គិតមកដល់ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៥ហើយ ដែលអង្គការនេះបានដាក់កម្មវិធីប្រចាំឆ្នាំចុះមកពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋតែចំនួន ៣ខេត្តគោលដៅប៉ុណ្ណោះ មានដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប និងនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយក្នុងមួយឆ្នាំៗបានពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាប្រមាណ ១,២០០នាក់ ដូច្នេះសរុបរយៈពេល៥ឆ្នាំ អង្គការ SHE បានពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាបានប្រមាណ ៦,០០០នាក់។
ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋលើកទី៩នេះ ធ្វើឡើងនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ចាប់ពីថ្ងៃទី១១-១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមសហការពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក និងកងកម្លាំងសមត្ថកិច្ចក្នុងស្រុកផងដែរ។
ក្នុងពិធីបើកដំណើរការសកម្មភាពមនុស្សធម៌ខាងលើ លោកស្រី Teri Tan និងលោកស្រី Clark តំណាងអង្គការ SHE បានឱ្យដឹងថា ការឧបត្ថម្ភជូននូវសម្ភារបរិក្ខារសុខាភិបាល ដល់មន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក នាពេលនេះ គឺសម្រាប់ប្រើប្រាស់ក្នុងការបម្រើដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកបារាយណ៍ ស្រុកស្ទុក និងស្រុកតាំងគោក។
តំណាងអង្គការទាំងពីរបានបន្តថា អង្គការរបស់លោកស្រីនឹងមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅកម្ពុជាបន្តបន្ទាប់ទៀត ពិសេសនៅស្រុកបារាយណ៍ នឹងធ្វើឡើងបន្តទៀតនៅអំឡុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខ។
លោកវេជ្ជបណ្ឌិត Song Tan ប្រធានសមាគម CHPAA បានឱ្យដឹងថា សមាគមរបស់លោកមិនត្រឹមតែមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងចង់បណ្ដុះស្មារតីប្រជាពលរដ្ឋឱ្យចេះស្រលាញ់ប្រទេសជាតិ ស្រលាញ់សន្តិភាព និងចេះជួយគ្នាទៅវិញទៅមកទៀតដែរ។
ជាមួយគ្នានោះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកទាំងបីខាងលើ សូមរួសរាន់មកទទួលសេវាសុខាភិបាល ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក។
លោកអភិបាលខេត្ត ក៏បានដាស់តឿនដល់ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកស្រុក ត្រូវចូលរួមសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសហរដ្ឋអាមេរិកឱ្យសស្រាក់សស្រាំ ហើយត្រូវពង្រឹងយន្តការនៅមូលដ្ឋានឱ្យបានជាប្រចាំ ពីព្រោះការចុះជួយពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ គឺគ្រាន់តែជាការងារបណ្តោះអាសន្ន ដូច្នេះសំខាន់បំផុតគឺការងារប្រចាំថ្ងៃនៅមូលដ្ឋាន។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានធ្វើនូវសកម្មភាពមនុស្សធម៌នៅកម្ពុជា ចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ស្រុកសន្ទុក និងស្រុកតាំងគោក នាពេលនេះ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលសង្ស័យថាខ្លួនមានជំងឺ ឬកំពុងមានជំងឺ សូមរួសរាន់មកពិនិត្យព្យាបាលជំងឺរបស់ខ្លួន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក និងក្រុមគ្រូពេទ្យខ្មែរ ដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ យើងត្រូវការចាំបាច់ថែរក្សានូវសុខសន្តិិភាព ស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ លោកក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដដែលនេះ សូមបន្តជួយមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកទាំងបី និងនៅទូទាំងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា សម្ភារពេទ្យដែលត្រូវប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុុកបារាយណ៍-សន្ទុកនោះ រួមមាន៖ ម៉ាស៊ីនកម្ដៅទារក (ទារកកើតមិនគ្រប់ខែ) ម៉ាស៊ីនអេកូ គ្រែរុញអ្នកជំងឺ ម៉ាស៊ីនសម្រាប់វះកាត់ប្រព័ន្ធអេឡិចត្រូនិច ភ្លើងបញ្ចាំងសម្រាប់វះកាត់ ម៉ាស៊ីនសម្រាប់សណ្តំ ភ្លើងបញ្ចាំងសម្រាប់ពិនិត្យជំងឺ ម៉ាស៊ីនចាប់សញ្ញាជីវិត ធុងអុកស៊ីសែន ម៉ាស៊ីនកន្ត្រាក់បេះដូង ទូទឹកកកដាក់វត្ថុពិសោធន៍ និងសម្ភារៈចាំបាច់មួយចំនួនទៀត សរុបជាទឹកប្រាក់ជិត ៣០ម៉ឺនដុល្លារអាមេរិក។
ក្រោយពីបញ្ចប់ពិធីប្រគល់-ទទួលសម្ភារពេទ្យរួចមក លោករដ្ឋមន្ត្រី ថោង ខុន លោកស្រី Teri Tan លោកស្រី Clark លោកវេជ្ជបណ្ឌិត Song Tan រួមទាំងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងមន្ត្រីមូលដ្ឋាន បានបន្តចុះទៅប្រគល់អណ្ដូងទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ២កន្លែង (តំណាងឱ្យអណ្ដូងទឹកទាំង១០កន្លែង) ដែលជាអំណោយរបស់អង្គការ SHE និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាននោះ ប្រកបដោយភាពស្និទ្ធស្នាល៕