(ភ្នំពេញ)៖ ចៅសង្កាត់ និងនាយនគរបាលប៉ុស្ដិ៍រដ្ឋបាលទាំង៧ នៅតាមបណ្ដាភូមិនានា ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ បានសហការគ្នា បន្តចុះផ្សព្វផ្សាយវេទិការសារធារណៈ ក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព សំដៅក្តាប់ឲ្យបានរាល់សភាពការណ៍ផ្សេងៗ ទាំងការចេញ និងចូលស្នាក់នៅរបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់អំពើ អនាចារផ្សេងៗ ដូចជាលួច ឆក់ ប្លន់ ការផលិតចែកចាយ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ការជួញដូរស្ត្រី និងកុមារ ក្មេងទំនើង និងលេងល្បែងស៊ីសង ការប្រើប្រាស់អាវុធខុសច្បាប់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។
ការចុះផ្សព្វផ្សាយវេទិការសារធារណៈ ក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ខាងលើនេះ បានធ្វើឡើងជាបន្តបន្ទាប់ដឹកនាំដោយ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ ក្រោមការបញ្ជាពីលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ រហូតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ការចុះផ្សព្វផ្សាយវេទិការសារធារណៈ ក្នុងការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពនេះដែរ បើតាមការបញ្ជាក់ឲ្យបានដឹងរបស់លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ គឺត្រូវបានអនុត្តឡើងជាបន្តបន្ទាប់ ក្នុងគោលបំណងក្ដាប់ឲ្យបាននូវសភាពការផ្សេងៗ ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ទាន់ពេលវេលា លើការពង្រឹងសន្តិសុខ ទប់ស្កាត់អំពើ អនាចារផ្សេងៗ ដែលរៀបនិងកើតឡើង ដូចជាការរំលោភបំពាន ការជួញដូរស្ត្រី និងកុមារ លួច ឆក់ ប្លន់ ការផលិតចែកចាយ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ក្មេងទំនើង និងលេងល្បែងស៊ីសង ការប្រើប្រាស់អាវុធខុសច្បាប់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។
លើសពីនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ក៏ដូចជាកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ លោក ជា ពិសី បានជំរុញជានិច្ចទាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវផ្សព្វផ្សាយវេទិការសារធារណៈ សំដៅឲ្យប្រជាពលរដ្ឋកាន់តែបានជ្រួលជ្រាបជាងមុនបន្ថែមទៀត ក្នុងការផ្ដល់ទំនុកចិត្តចូលរួមសហការណ៍ និងរាយការអំពីព័ត៌មានទាំងឡាយណា ដែលមិនប្រក្រតីកើតមាននៅតាមមូលដ្ឋាន ដើម្បីទប់ស្កាត់រាល់គ្រប់បទល្មើស ឲ្យស្របតាមការដឹកនាំរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព បង្កើតឡើងតាមអនុសាសន៍ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕