(ព្រៃវែង)៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការបរិច្ចាគឈាម លើកទី៣ ក្រោមប្រធានបទ «គ្រាប់ឈាម នៃក្តីស្រលាញ់» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង។
នៅក្នុងយុទ្ធនាការនេះ ក៏មានការអញ្ជើញចូលរួមពីលោក ខៀវ ភារិទ្ធ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងកងកម្លាំងអង្គភាពទាំងបី យុវជន យុវនារី នៅតាមស្រុក ក្រុងទាំង១៣ នៃខេត្តព្រៃវែង សិស្សានុសិស្ស សិល្បៈករ និងប្រជាជនទូទៅប្រមាណ១,២០០នាក់។ កម្មវិធីនេះ ប្រារព្ធធ្វើនៅក្រុងព្រៃវែង ខេត្តព្រៃវែង ចាប់ពីវេលាម៉ោង០៧៖០០នាទីព្រឹក រហូតដល់ម៉ោង០៣៖០០នាទីរសៀល។
សូមបញ្ជាក់ថា យុទ្ធនាការបរិច្ចាគឈាមលើកនេះ រៀបចំឡើងក្នុងគោលបំណងកៀងគរកម្លាំង និងពញ្ញាក់ស្មារតី ប្រជាពលរដ្ឋ យុវជន និងយុវនារី ខេត្តព្រៃវែង ចូលរួមចែករំលែកក្តីស្រឡាញ់របស់គាត់ តាមរយៈការចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ជួយដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។
យុទ្ធនាការនេះ ក៏ធ្វើឡើងស្របពេលទិវាបុណ្យនៃសេចក្តីស្រឡាញ់ ថ្ងៃ១៤ កុម្ភៈ នឹងឈានចូលមកដល់នាពេលខាងមុខនេះ ហើយយុទ្ធនាការបរិច្ចាគឈាម ក្រោមប្រធានបទ «គ្រាប់ឈាម នៃក្តីស្រឡាញ់» នឹងមានការរៀបចំការប្រគុំតន្រ្តី នៃសេចក្តីស្រឡាញ់ដែលមានការចូលរួមពីសំណាក់សិល្បៈករ សិល្បៈការនី មួយចំនួនផងដែរ ដើម្បីបង្ហាញពីក្តីស្រឡាញ់ដល់ប្រជាជនកម្ពុជា។
តាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបង្ហាញថា ឈាម១៥០ប្លោក ត្រូវការជារៀងរាល់ថ្ងៃ ដើម្បីជួយដល់ជីវិតមនុស្សជាទីស្រឡាញ់របស់យើង នៅទូទាំងប្រទេស។ ជាក់ស្តែងចំនួនអ្នកដែលស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងមួយថ្ងៃ មានត្រឹម១០ភាគរយប៉ុណ្ណោះ ខណៈពេល៦០ភាគរយទៀត បានមកពីក្រុមគ្រួសារផ្ទាល់ និងសាច់ញាត្តិរបស់ជនរគ្រោះ៕